Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ព្យុះ Yagi វាយប្រហារវៀតណាម ក្រោយឆក់យកជីវិតមនុស្ស ២នាក់ នៅចិន

BY Liny Chan September 7, 2024
ព្យុះ Yagi វាយប្រហារវៀតណាម ក្រោយឆក់យកជីវិតមនុស្ស ២នាក់ នៅចិន

(ប៉េកាំង)៖ ព្យុះ Super Typhoon Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នាឆ្នាំ២០២៤នេះ បានបក់បោកទៅដល់តំបន់ភាគខាងជើងនៃប្រទេស វៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ បន្ទាប់ពីវាយប្រហារលើខេត្ត Hainan ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយបន្សល់ទុកមនុស្ស ២នាក់បានស្លាប់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដោយនាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង ព្យុះ Yagi ក៏បានធ្វើឱ្យមនុស្ស ៩២នាក់រងរបួសផងដែរក្នុងខេត្ត Hainan។ ព្យុះនេះបានបក់បោកដល់ខេត្ត Hainan កាលពីថ្ងៃសុក្រ ជាមួយល្បឿនខ្យល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើឱ្យដើមឈើជាច្រើនដួលរលំ រីឯផ្លូវមួយចំនួនជន់លិច ខណៈផ្ទះជាង ៨០០ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន។

ក្រោយវាយប្រហារខេត្ត Hainan ព្យុះ Yagi បានបក់បោកទៅដល់ទីក្រុង Hai Phong និងខេត្ត Quang Ninh នៃប្រទេសវៀតណាម ជាមួយកម្លាំងខ្យល់ ១៤៩គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ ព្យុះ Yagi ក៏បានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងប្រទេសហ្វីលីពីនផងដែរ នៅពេលដែលព្យុះនេះត្រូវបានចាត់ថ្នាក់ជា ព្យុះត្រូពិកនៅឡើយ មុននឹងក្លាយទៅជាព្យុះ super typhoon៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: