Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Microsoft រៀបចំកិច្ចប្រជុំពិសេសមួយ ស្តីពីសន្តិសុខអ៊ីនធឺណិត បន្ទាប់ពីមានបញ្ហាបច្ចេកវិទ្យាធ្វើឲ្យគាំង Windows មួយរយៈមុន

BY Liny Chan September 11, 2024
ក្រុមហ៊ុន Microsoft រៀបចំកិច្ចប្រជុំពិសេសមួយ ស្តីពីសន្តិសុខអ៊ីនធឺណិត បន្ទាប់ពីមានបញ្ហាបច្ចេកវិទ្យាធ្វើឲ្យគាំង Windows មួយរយៈមុន

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេិរក Microsoft បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្នុងការកែលម្អប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុន CrowdStrike បណ្តាលឱ្យគាំង Windows នៅទូទាំងពិភពលោកកាលពីខែកក្កដាកន្លងទៅ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចប្រជុំនេះបានកត់សម្គាល់ពីជំហានដ៏សំខាន់លើកដំបូងរបស់ក្រុមហ៊ុន Microsoft ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ឧបករណ៍ Windows ជិត ៨.៥ លានគ្រឿងកាលពីថ្ងៃទី១៩ ខែកក្កដា។ បញ្ហាបច្ចេកវិទ្យានេះ គឺបានរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗនានា នៅទូទាំងឧស្សាហកម្មជាច្រើន គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗរហូតដល់ធនាគារ និងសេវាថែទាំសុខភាព។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Microsoft ស្ថិតក្នុងតំបន់ Redmond រដ្ឋ Washington ។

បញ្ហាបច្ចេកវិទ្យានេះ ត្រូវបានគេចាត់ទុកថា ជាការព្រួយបារម្ភមួយចំពោះការរៀបចំមិនបានល្អ សម្រាប់អនុវត្តផែនការបន្ទាន់ ដូចជាបរាជ័យប្រព័ន្ធ IT ជាដើម។ អ្នកវិភាគបាននិយាយថា បញ្ហានេះក៏បានបង្ហាញពីហានិភ័យនៃការពឹងផ្អែកលើអ្នកផ្តល់សេវាកម្មអំពីកត្តាសុវត្ថិភាពផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក David Weston បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា «ប្រព័ន្ធសុវត្ថិភាព Windows ត្រូវតែរួមគ្នាដើម្បីបង្កើតពិភពលោកដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តជាងមុន»

ទោះជាយ៉ាណាក៏ដោយ បញ្ហាបច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនជាច្រើនមិនសុខចិត្ត ក្នុងនោះរួមមានក្រមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសថា ខ្លួនកំពុងបន្តការទាមទារដំណោះស្រាយផ្លូវច្បាប់ប្រឆាំងនឹង CrowdStrike និង Microsoft បន្ទាប់ធ្វើឲ្យបញ្ហាកើតឡើង បណ្តាលឱ្យមានការលុបចោលជើងហោះហើរដ៏ច្រើន និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់យ៉ាងហោចណាស់ ៥០០លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: