Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៉ីស្រាអែលឱ្យបានឆាប់ តាមតែធ្វើទៅបាន

BY Liny Chan September 23, 2024
ចិនណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៉ីស្រាអែលឱ្យបានឆាប់ តាមតែធ្វើទៅបាន

(ប៉េកាំង)៖ ចិនបានទទូចឱ្យពលរដ្ឋខ្លួន ដែលកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ចាកចេញពីទីនោះឱ្យបានឆាប់ តាមតែអាចទៅរួច គ្រាដែលភាពតានតឹងបានកើនឡើងកម្តៅជាខ្លាំង រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) នៃប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ស្ថានទូតចិននៅអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅថា នាពេលនេះ ស្ថានការណ៍នៅតាម​បណ្តោយព្រំប្រទល់អ៉ីស្រាអែល-លីបង់ គឺមានសភាពតានតឹងជាខ្លាំង ដោយជម្លោះយោធាកំពុងកើតមានកាន់តែញឹកញាប់ឡើងៗ។ ស្ថានទូតចិនបានបន្ថែមថា ស្ថានការណ៍សន្តិសុខ ក្នុងប្រទេសអ៉ីស្រាអែល នៅបន្តមានលក្ខណៈយ៉ាប់យ៉ឺន ស្មុគស្មាញ និងពិបាកស្មាន ដូច្នេះហើយស្ថានទូតទទូចឱ្យ ពលរដ្ឋចិនទាំងអស់នៅអ៉ីស្រាអែល ត្រឡប់មកមាតុប្រទេសវិញ ឬផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព។ កាលពីខែមុន ចិនក៏បានណែនាំឱ្យពលរដ្ឋខ្លួន ចាកចេញពីលីបង់ ផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលនិងហេសបូឡា បានព្រមានបង្កើនសកម្មភាពវាយប្រហារដាក់គ្នា កាន់តែខ្លាំងថែមទៀត បើទោះបីជា មានការអំពាវនាវពីអន្តរជាតិ ឱ្យភាគីទាំងពីរ បោះជំហានថយក្រោយ កុំបណ្តាលឱ្យជម្លោះផ្ទុះទៅជាសង្រ្គាមពេញទំហឹង ក៏ដោយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើភាគខាងត្បូងទីក្រុង Beirut បានផ្តាច់ជីវិត ប្រធានកងកម្លាំងពិសេសរបស់ហេសបូឡា។ ការវាយប្រហារនោះទៀតសោត កើតមានឡើងក្រោយករណីផ្ទុះឧបករណ៍ទាក់ទង​របស់ក្រុមហេសបូឡា ដែលបានសម្លាប់មនុស្ស៣៩នាក់ និងបង្កឱ្យរបួសជាង៣,០០០នាក់ ហើយត្រូវបានសង្ស័យថាជា ស្នាដៃរបស់អ៉ីស្រាអែល។ ការវាយប្រហារគ្នាឆ្លងព្រំដែនទៅវិញទៅមក រវាងអ៉ីស្រាអែលនិងហេសបូឡា បានចាប់ផ្តើមកាលពីជិត១ឆ្នាំមុន ពោលគឺចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា បានផ្ទុះឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Smoke billows from the site of Israeli airstrikes in Aramti, near the Lebanon-Israel border, on September 23, 2024. – The Israeli military on September 23 told people in Lebanon to move away from Hezbollah targets and vowed to carry out more “extensive and precise” strikes against the Iran-backed group. (Photo by Ammar Ammar / AFP)
Share This Post: