Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក៖ ព្យុះហឺរីខេន Helene កំពុងបោកបក់លើរដ្ឋ Florida ជាមួយនិងហានិភ័យនៃគ្រោះថ្នាក់ខ្លាំង

BY Liny Chan September 27, 2024
សហរដ្ឋអាមេរិក៖ ព្យុះហឺរីខេន Helene កំពុងបោកបក់លើរដ្ឋ Florida ជាមួយនិងហានិភ័យនៃគ្រោះថ្នាក់ខ្លាំង

(វ៉ាស៉ីនតោន)៖ ទឹកភ្លៀងបានធ្វើឱ្យជន់លិចផ្លូវថ្នល់ និងផ្អាកដំណើរការអាកាសយានដ្ឋានបណ្តោះអាសន្ន នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈព្យុះហឺរីខេន Helene ដ៏មានឥទ្ធិពលកំពុងឆ្ពោះទៅកាន់តំបន់ប្រជុំជនធំៗ ហើយមានហានិភ័យជាព្យុះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត សម្រាប់តំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

មន្រ្តីក្នុងរដ្ឋ Florida និយាយថា Helene បានវិវត្តន៍ទៅជាព្យុះប្រភេទទី ៤ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ជិត ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករថានឹងបន្តបង្កើនឥទ្ធិពលថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងកើតមាននៅផ្នែកខ្លះនៃឆ្នេរសមុទ្រ Florida នៅរដ្ឋ Georgia, South Carolina ភាគកណ្តាល ភាគខាងលិចនៃរដ្ឋ North Carolina និងផ្នែកខ្លះនៃរដ្ឋ Tennessee។

តាមវីដេអូចែកចាយលើបណ្តាញ​​ផ្សព្វផ្សាយ​សង្គម​ ​ផ្លូវនៅជាប់​មាត់​សមុទ្រពោរពេញដោយទឹកជន់លិច ​រហូតដល់​ចំណត​ទូក។ អាកាសយានដ្ឋានក្នុងទីក្រុង Tampa, Tallahassee និង St. Petersburg នៃរដ្ឋ Florida បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍។ ទីក្រុង Atlanta ដែលនៅចម្ងាយច្រើនគីឡូម៉ែត្រពីភាគខាងជើងតំបន់ Big Bend របស់រដ្ឋ Florida ក៏ស្ថិតក្រោមការព្រមានអំពីព្យុះត្រូពិចផងដែរ ដោយវាអាចទៅដល់នៅវេលាយប់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។

ប្រធានមជ្ឈមណ្ឌលតាមដានព្យុះហឺរីខេនប្រចាំរដ្ឋ Florida លោក Michael Brennan បានបញ្ជាក់ថា ការវិវត្តន៍នៃព្យុះ Helene អាចធ្វើឱ្យកម្លាំងខ្យល់កើនឡើងថែមទៀត។ ក្រុមមន្ត្រី ​បានស្នើសុំយ៉ាងទទូចដល់​​អ្នក​រស់ នៅ​តាមតំបន់ដែលអាចរងនូវឥទ្ធិពល​​នៃ​ព្យុះនេះ ​​គោរព​តាមបទបញ្ជាឱ្យ​ជម្លៀសខ្លួន​ជាដាច់ខាត បើពុំដូចច្នេះទេនឹងត្រូវប្រឈម​​ចំពោះលក្ខខណ្ឌ​គំរាមកំហែង​ដល់​អាយុជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: