ព័ត៌មានអន្តរជាតិ September 28, 2024

អតីតនាយកប្រតិបត្តិ Binance ត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីអនុវត្តទោសអស់រយៈពេល ៤ខែ

Liny Chan

(បរទេស)៖ លោក Changpeng Zhao ដែលជាអ្នកជំនួញដ៏ល្បីល្បាញជនជាតិកាណាដើមកំណើតចិន មានឈ្មោះហៅកាត់ថា CZ និងត្រូវបានគេស្គាល់ថា ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Binance ដែលជាទីផ្សារគ្រីបតូលំដាប់លេខ១ នៅលើពិភពលោកនោះ ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Bloomberg រាយការណ៍មកថា បានដោះលែងពីមណ្ឌលកែប្រែក្នុងរដ្ឋកាលីហ្វ័រញ៉ាហើយ នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ម្សិលមិញនេះ។​

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៤ នេះបានឱ្យដឹងថា លោក Zhao ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានសារភាពថា លោកពិតជាមានកំហុសពិតមែនក្នុងការបំពានច្បាប់របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹងការលាងលុយកខ្វក់ តាមរយៈការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងការដោះលែងនេះ Reuters មិនអាចទាក់ទងការិយាល័យពន្ធនាគារ ដើម្បីសុំការអត្ថាធិប្បាយបានទេ។

គួរជម្រាបថា បញ្ហាផ្លូវច្បាប់របស់លោក Zhao កើតចេញពីការសារភាពកំហុសរបស់លោកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជាកន្លែងដែលលោកបានសារភាពថាបានបំពានច្បាប់លាងលុយរបស់សហរដ្ឋអាមេរិកពិតមែន។ ព្រះរាជអាជ្ញាបានគូសបញ្ជាក់ថា Binance បានធ្វេសប្រហែសក្នុងការរាយការណ៍ប្រតិបត្តិការគួរឱ្យសង្ស័យជាង ១០០,០០០ ជាមួយក្រុមភេរវករដែលបានកំណត់រួមមានក្រុមហាម៉ាស អាល់កៃដា និងរដ្ឋអ៊ីស្លាម។ ជាផ្នែកមួយនៃដំណោះស្រាយចំពោះការចោទប្រកាន់ទាំងនេះ Binance បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៤.៣២ពាន់លានដុល្លារ ខណៈដែល Zhao ខ្លួនឯងបានទទួលរងការផាកពិន័យសរុបចំនួន ១០០លានដុល្លារឯណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News