Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Meta ប្រកាសដាក់ដំណើរការ AI chatbot របស់ខ្លួននៅក្នុងទីផ្សារថ្មីបន្ថែមទៀតរួមទាំងប្រេស៊ីល និងចក្រភពអង់គ្លេស

BY Liny Chan October 11, 2024
Meta ប្រកាសដាក់ដំណើរការ AI chatbot របស់ខ្លួននៅក្នុងទីផ្សារថ្មីបន្ថែមទៀតរួមទាំងប្រេស៊ីល និងចក្រភពអង់គ្លេស

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បានប្រកាសនៅលើបណ្តាញ WhatsApp ផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Meta កំពុងនាំយក AI chatbot, Meta AI ទៅកាន់ប្រទេសចំនួន​ ៦បន្ថែមទៀតនៅថ្ងៃនេះ រួមមានប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស ហ្វីលីពីន បូលីវី ហ្គាតេម៉ាឡា និងប៉ារ៉ាហ្គាយ។ នេះបើយោងតាមការចេញផ្សាយដោយ TechCrunch នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

Meta បាននិយាយថា ក្រៅពីបណ្តាប្រទេសទាំងនេះ ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ Meta AI នៅក្នុងប្រទេសជាច្រើនទៀតក្នុងការចេញផ្សាយជាបន្តបន្ទាប់ រួមទាំងមជ្ឈិមបូព៌ាផងដែរ។ បន្ទាប់ពីការចេញផ្សាយនេះ Meta AI នឹងមានក្នុង ៤៣ប្រទេស និងច្រើនជាងដប់ភាសា។ ដោយក្នុងនោះ Meta គ្រោងនឹងពង្រីក AI chatbot, Meta AI របស់ខ្លួនទៅកាន់ទីផ្សារថ្មីមួយចំនួនរួមមាន អាល់ហ្សេរី អេហ្ស៊ីប ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ហ្ស៊កដានី លីប៊ី ម៉ាឡេស៊ី ម៉ារ៉ុក អារ៉ាប៊ីសាអូឌីត ស៊ូដង់ ថៃ ទុយនេស៊ី អារ៉ាប់រួម វៀតណាម និងយេម៉ែន។ ប្រភពបានបញ្ជាក់ថា Meta AI ក៏នឹងចាប់ផ្តើមគាំទ្រភាសាអារ៉ាប់ ឥណ្ឌូនេស៊ី ថៃ និងវៀតណាមផងដែរ។

គួរជម្រាបថា ក្នុងអំឡុងពេលព្រឹត្តិការណ៍ Meta Connect កាលពីខែមុនលោក Zuckerberg ធ្លាប់បានបង្ហើបថា Meta AI ឥឡូវនេះមានអ្នកប្រើប្រាស់ជិត ៥០០លាននាក់នៅទូទាំងពិភពលោក។ លោក​បាន​បន្ថែម​ថា chatbot កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​ក្លាយ​ជា​ជំនួយ​ការ​ដែល​គេ​ប្រើ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នៅ​ចុង​ឆ្នាំ​នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: