Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រុស្ស៉ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ម្ខាង៩៥នាក់

BY Liny Chan October 19, 2024
រុស្ស៉ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ម្ខាង៩៥នាក់

(Reuters)៖ រុស្ស៉ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមកម្ខាង៩៥នាក់ នៅក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបាន សម្របសម្រួលដោយអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី នៅក្នុងការបង្ហោះមួយលើ Telegram បាននិយាយថាកងទ័ពរុស្ស៉ីដែលកំពុងនៅតាមផ្លូវត្រឡប់មកផ្ទះវិញ កំពុងស្ថិតក្រោមការត្រួតពិនិត្យ សុខភាពនៅក្នុងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី។ ដោយឡែក វីដេអូមួយបង្ហោះលើគណនី Telegram របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបង្ហាញដែរថាបុរសជាច្រើននាក់ ដោយអ្នកខ្លះកាន់ទង់ជាតិអ៊ុយក្រែនបានចុះពីលើរថយន្តក្រុង និងឱបមនុស្សជាទីស្រឡាញ់របស់ពួកគេ។

«គ្រប់ពេលវេលា ដែលអ៊ុយក្រែនសង្រ្គោះប្រជាជនរបស់ខ្លួនពីការឃុំខ្លួនរបស់រុស្ស៉ី យើងខិតកាន់តែកៀកទៅរកថ្ងៃមួយជាពេលដែលសេរីភាពនឹងត្រូវបានប្រគល់ទៅឱ្យ អ្នកដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់រុស្ស៉ី»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា ការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែនត្រូវបានសម្របសម្រួលដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយនេះក៏ជាការសម្របសម្រួលជាលើកទី៩ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយការដោះដូរឈ្លើយសឹកលើកចុងក្រោយបំផុតមានម្ខាងចំនួន១០៣នាក់ កាលពីខែកញ្ញាកន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: