Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងថា ក្រុមឃ្លាំមើលទណ្ឌកម្មថ្មី ដែលដឹកនាំដោយអាមេរិក គឺគ្មានភាពស្របច្បាប់ឡើយ

BY Nisaiy KP October 20, 2024
កូរ៉េខាងជើងថា ក្រុមឃ្លាំមើលទណ្ឌកម្មថ្មី ដែលដឹកនាំដោយអាមេរិក គឺគ្មានភាពស្របច្បាប់ឡើយ

(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យ ទី២០ ខែតុលា បាននិយាយថា ក្រុមឃ្លាំមើលការអនុវត្តទណ្ឌកម្មថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺគ្មានភាពស្រប​ច្បាប់ និងខុសច្បាប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រកាសពីការបង្កើតក្រុមពហុជាតិថ្មីមួយ ដើម្បីតាមដានការអនុវត្ត​ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីរុស្ស៉ីនិងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត​រារាំងសកម្មភាពឃ្លាំមើលទណ្ឌកម្ម នៅឯអង្គការសហប្រជាជាតិ (UN)។

កាលពីខែមីនាឆ្នាំនេះ ទីក្រុងមូស្គូ បានបោះឆ្នោតជំទាស់ ការបន្តផ្តល់អាណត្តិប្រចាំឆ្នាំ ដល់ក្រុមអ្នកជំនាញ UN ដែលក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ បានទទួលបន្ទុកមើលការខុសត្រូវ លើការអនុវត្តទណ្ឌកម្មរបស់អន្តរជាតិ ដែលមានគោលដៅទប់ស្កាត់ កម្មវិធីមីស៉ីល​និងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ ចិននាពេលនោះ មិនបានបោះឆ្នោតប្រឆាំងក៏ពិតមែន ប៉ុន្តែបានធ្វើអនុបវាទ។

គួរបញ្ជាក់ថា ក្រុមតាមដានទណ្ឌកម្មថ្មីខាងលើ ក៏នឹងត្រូវចូលរួមដោយប្រទេសចំនួន៨ផ្សេងទៀត ផងដែរ ក្រៅពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានរិះគន់បន្ថែមទៀតថា ការបង្កើតក្រុមនេះឡើង ស្តែងឱ្យឃើញពី ការប្រមាថរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះច្បាប់អន្តរជាតិ ក៏ដូចជាការរំលោភបំពានដោយឥតលាក់លៀម ចំពោះអធិបតេយ្យរបស់ប្រទេសកូរ៉េខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: