ព័ត៌មានអន្តរជាតិ October 24, 2024

បារាំង មានបំណងស្វែងរកជំនួយ ៥០០លានអឺរ៉ូ សម្រាប់លីបង់ ក្នុងកិច្ចប្រជុំទីក្រុងប៉ារីស

Liny Chan

(ប៉ារីស)៖ ប្រទេសបារាំង រំពឹងថាជំនួបប្រជុំនៃក្រុមប្រតិភូប្រមាណ ៧០នាក់ ដើម្បីជួយដល់ប្រទេសលីបង់ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ នឹងគាំទ្រដល់ការរៃអង្គាសថវិកាប្រហែល ៥០០លានអឺរ៉ូ ឬស្មើនឹង ៥៤០លានដុល្លារជាជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

French President Emmanuel Macron welcomes Lebanese caretaker Prime Minister Najib Mikati, left, Wednesday, Oct. 23, 2024 at the Elysee Palace in Paris. (AP Photo/Louise Delmotte)

តាមឯកសារក្របខ័ណ្ឌនៃក្រសួងការបរទេស សន្និសីទស្តីពីលីបង់ នឹងនាំទៅរកការបង្កើតគំនិតផ្តួចផ្តើម សម្រាប់គាំទ្រដល់ ប្រទេសលីបង់ ជាពិសេសលើផ្នែកមនុស្សធម៌ ដែលបារាំង ដាក់គោលដៅចង់បានការគាំទ្រពីអន្តរជាតិ ជាថវិកាប្រហែល ៥០០លានអឺរ៉ូ។ ជំនួយ​ជា​ចម្បង​ នឹងប្រើសម្រាប់​ជួយ​ជនភៀសខ្លួន​ ក្នុង​វិស័យ​នានា ​រាប់​ចាប់ពី​សុខភាព អាហារ ទឹក អនាម័យ និង​ការអប់រំ។

លីបង់និយាយថា ខ្លួនត្រូវការថវិកាចំនួន ២៥០លានដុល្លារក្នុងមួយខែ ដើម្បីដោះស្រាយវិបត្តិផ្លាស់ទីលំនៅរបស់ប្រជាជន ពីចន្លោះពី ៥០០,០០០នាក់ទៅ ១លាននាក់ ពីភាគខាងត្បូងលីបង់ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ លើក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងខែកញ្ញា។

សន្និសីទនេះ ក៏នឹងអំពាវនាវផងដែរ ឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិ ដោយផ្អែកលើដំណោះស្រាយលេខ ១៧១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះចុងក្រោយ រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ក្នុងឆ្នាំ ២០០៦ ហើយផ្តល់ការគាំទ្របន្ថែមដល់កងកម្លាំងសន្តិសុខជាតិ របស់លីបង់ ឱ្យក្លាយជាអ្នកធានាឯកភាព និងស្ថិរភាពប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News