Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple កំពុងប្រឈមនឹងការហាមប្រាមការលក់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក

BY Liny Chan October 29, 2024
Apple កំពុងប្រឈមនឹងការហាមប្រាមការលក់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក

(បរទេស)៖ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បានជូនដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេសស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងឧស្សាហកម្មលោក Febri Hendri Antoni Arief បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួនដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០ភាគរយនៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក ហើយ iPhone 16 មិនបានបំពេញតាមតម្រូវការនោះទេ។ លោកបានមានប្រសាសន៍ថា «Hardware របស់ iPhone 16 ដែលនាំចូលមក មិនអាចដាក់លក់ក្នុងទីផ្សារក្នុងប្រទេសបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រមាតិកាក្នុងស្រុក»។ លោកបន្តទៀតថា ទូរស័ព្ទបរទេសនៅតែអាចនាំចូលបាន ក្នុងករណីប្រើប្រាស់ផ្ទាល់ខ្លួន ឬ personal use ដរាបណាអ្នកប្រើប្រាស់បង់ពន្ធដែលបានកំណត់។

យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Apple នៅមិនទាន់មានការឆ្លើយនឹងសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

គួររំលឹកដែរថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita បាននិយាយថា លោកសង្ឃឹមថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងបង្កើនមាតិកាក្នុងស្រុករបស់ខ្លួនដោយការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: