ព័ត៌មានអន្តរជាតិ October 30, 2024

កោះតៃវ៉ាន់ត្រៀមខ្លួនទប់ទល់ ការបោកបក់ទៅដល់នៃព្យុះទីហ្វុង «កង្រី» ដែលកំពុងបន្តកើនថាមពល

Liny Chan

(តៃប៉ិ)៖ កោះតៃវ៉ាន់រំពឹងថា ព្យុះទីហ្វុងឈ្មោះ កង្រី នឹងធ្វើដំណើរទៅដល់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានចេញសារព្រមានជាមុន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

ព្យុះកង្រី បានកើនឡើងថាមពលដល់កម្រិតជា ព្យុះស៊ូភើទីហ្វុង ជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត៣០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តប្រមូលផ្តុំកម្លាំងថែមទៀត មុនពេលវាទៅដល់តំបន់ Taitung របស់តៃវ៉ាន់។ បើតាមការព្យាករ ព្យុះកង្រី បន្ទាប់មក នឹងឆ្លងកាត់កោះតៃវ៉ាន់ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅរកប្រទេសចិន។

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានទទូច​ឱ្យប្រជាជន នៅឱ្យឆ្ងាយពីតំបន់ភ្នំនិងឆ្នេរសមុទ្រ ខណៈក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានត្រៀម កងកម្លាំងយោធាប្រហែល ៣៦,០០០នាក់ នៅទូទាំងដែនកោះនេះ ដើម្បីឆ្លើយតបផលប៉ះពាល់ ដែលបង្កឡើងដោយព្យុះកង្រី។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងរងការវាយប្រហារពីព្យុះទីហ្វុង ជារឿយៗ។ ចុងក្រោយគេ គឺព្យុះទីហ្វុង Krathon ដែលបានសម្លាប់​មនុស្ស៤នាក់ កាលពីដើមខែតុលានេះ នៅពេលវាបោកបក់កាត់ភាគខាងត្បូងតៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News