Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីល ICBM ក្នុងខែវិច្ឆិកា អំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក

BY Liny Chan October 30, 2024
កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីល ICBM ក្នុងខែវិច្ឆិកា អំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក

(សេអ៊ូល)៖ ដោយផ្អែកលើប្រភពចារកម្មយោធាកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានផ្លាស់ទីជើងទម្រចល័តមួយគ្រឿង ទៅដាក់នៅកន្លែងកំណត់ បន្ទាប់ពីបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) មួយគ្រាប់ ហើយការបាញ់តេស្តនោះ ប្រហែលនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។

សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បាននិយាយថា ជើងទម្រចល័តមួយគ្រឿង ត្រូវបានដាក់ពង្រាយ​នៅកន្លែងមួយ ដែលទំនងជាសម្រាប់ការបាញ់តេស្តមីស៉ីល ICBM ហើយវាអាចនឹងប្រព្រឹត្តក្បែរៗ ឬចំថ្ងៃបោះឆ្នោតប្រធានាធិបតី ​នៅសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា។

លោក Lee បានប្រាប់ដូចខាងលើ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយទទួលបានរបាយការណ៍ពី ទីភ្នាក់ងារចារកម្មការពារជាតិ DIA។ រីឯសមាជិកសភាកូរ៉េខាងត្បូងម្នាក់ទៀត គឺលោក Park Sun-won បាននិយាយថា ទីភ្នាក់ងារ DIA មិនជឿជាក់ថា មីស៉ីលបាលិស្ទីគ ត្រូវបានដំឡើងលើជើងទម្រសម្រាប់បាញ់ នៅឡើយទេ។

គួរបញ្ជាក់ថា កន្លងមក ក្រុមមន្រ្តីកូរ៉េខាងត្បូង ធ្លាប់បានអះអាងថា កូរ៉េខាងជើង ប្រហែលនឹងព្យាយាមបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយ ឬក៏ធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទី៧ នៅក្បែរៗ និងអំឡុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នាខែវិច្ឆិកា ដើម្បីសម្ញែងភាពរីកចម្រើន នៃការអភិវឌ្ឍសព្វាវុធយុទ្ធសាស្រ្តរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: