ព័ត៌មានអន្តរជាតិ November 23, 2024

ភ្ញៀវទេសចរបរទេសបានបាត់បង់ជីវិត​ជាបន្តបន្ទាប់ ដោយសារករណីពុលស្រា នៅប្រទេសឡាវ

Liny Chan

(បាងកក)៖ កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអូស្រ្តាលី បានឱ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានស្រា​ ដែលសង្ស័យមានសារធាតុពុល នៅទីក្រុងមួយក្នុងប្រទេសឡាវ ខណៈវាគឺជាករណីស្លាប់សរុបទី៦។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ស្រ្តីវ័យក្មេងអាយុត្រឹម១៩ឆ្នាំខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាទីដែលរូបនាង ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ រីឯមិត្តភក្តិរបស់នាង ក៏បានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យថៃមួយផ្សេងទៀត។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា អូស្រ្តាលីនឹងបន្តកិច្ចប្រឹងប្រែង ជាមួយអាជ្ញាធរឡាវ ក្នុងការស៉ើបអង្កេតសោកនាដកម្មនេះ។ រដ្ឋាភិបាលឡាវ បានចេញមុខសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតជាបន្តបន្ទាប់ នៃភ្ញៀវទេសចរបរទេស ហើយ​បានបន្ថែមថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា សរុបមក ទេសចរបរទេសចំនួន៦នាក់ហើយ ក្នុងនោះ២នាក់ជាជនជាតិដាណឺម៉ាក ២នាក់ជាជនជាតិអូស្រ្តាលី ម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិក បានស្លាប់ ក្រោយធ្វើដំណើរកម្សាន្ត នៅទីក្រុង Vang Vieng ប្រទេសឡាវ ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរបរទេស ខណៈនៅមានជនបរទេសប្រហែលជាង ១០នាក់ទៀត កំពុងបន្តសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ។ កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំនៅឡាវ ក៏បានចេញសារព្រមានផងដែរ ក្រើនរំលឹកឱ្យពលរដ្ឋខ្លួន បង្កើនការប្រុងប្រយ័ត្ន អំពីហានិភ័យនៃការពុលសារធាតុមេតាណុល ពេលទទួលទានគ្រឿនស្រវឹង ដោយបានណែនាំឱ្យពួកគេទិញតែពីអ្នកលក់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយត្រូវពិនិត្យមើលផលិតផល​ឱ្យបានល្អិតល្អន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News