Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទាមទារឱ្យ FIFA សុំទោស ជុំវិញការបង្ហាញផែនទីតំបន់គ្រីមៀរ នៅអំឡុងចាប់ឆ្នោត World Cup 2026

BY Nisaiy KP December 15, 2024
អ៊ុយក្រែន ទាមទារឱ្យ FIFA សុំទោស ជុំវិញការបង្ហាញផែនទីតំបន់គ្រីមៀរ នៅអំឡុងចាប់ឆ្នោត World Cup 2026

(គៀវ)៖ ប្រទេសអ៊ុយក្រែន បានស្នើឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ចេញមុខសុំទោសជាសាធារណៈ ក្រោយពេលបង្កកំហុសដោយអចេតនាពុំអាចទទួលយកបាន តាមរយៈដកតំបន់គ្រីមៀរចេញពីដែនអធិបតេយ្យភាពរបស់ខ្លួន នាអំឡុងកម្មវិធីចាប់ឆ្នោតបែងចែកពូលជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ។

នៅចាំបានថា តំបន់គ្រីមៀរ (Crimea) បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ២០១៤ និងមានប្រទេសតិចតួចបំផុតដែលទទួលស្គាល់រឿងនេះ។

លោក Heorhiy Tykhy អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានថ្លែង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានការសុំទោសជាសាធារណៈពី FIFA» ខណៈស្ថាប័នអន្តរជាតិខាងលើ ក៏បានដឹងពីកំហុស និងលុបរូបភាពនោះចេញវិញរួចរាល់ផងដែរ។

លោក Tykhy បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «FIFA មិនត្រឹមតែធ្វើខុសទៅនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងគាំទ្ររុស្ស៊ីចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងការឈ្លានពានចូលទឹកដីអ៊ុយក្រែនថែមទៀតផង»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: