Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជនចំណាកស្រុក ៦៩នាក់បានបាត់បង់ជីវិត ក្នុងការលិចទូកនៅឯឆ្នេរសមុទ្រម៉ារ៉ុក

BY Naren December 28, 2024
ជនចំណាកស្រុក ៦៩នាក់បានបាត់បង់ជីវិត ក្នុងការលិចទូកនៅឯឆ្នេរសមុទ្រម៉ារ៉ុក

(រ៉ាបាត)៖ យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានស្លាប់ បន្ទាប់ពីទូកជូនចំណាកស្រុកមួយគ្រឿងបានលិច នៅឯឆ្នេរសមុទ្រប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ។ ទូកនេះ ដែលដឹកមនុស្សប្រមាណ ៨០នាក់ កំពុងធ្វើដំណើរពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary របស់អេស្ប៉ាញ។ មានមនុស្សតែ ១១នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត ពីគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់នៃការធ្វើដំណើរតាមសមុទ្រ សម្រាប់ជនចំណាកស្រុក ដែលកំពុងព្យាយាមរត់គេចពីភាពក្រីក្រនិងជម្លោះ នៅក្នុងប្រទេសរបស់ពួកគេ។ ផ្លូវធ្វើចំណាកស្រុកតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលបានឆក់យកជីវិតជនចំណាកស្រុករាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel ដែលរួមមានប្រទេសម៉ាលី ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផលដែលជំរុញឱ្យមនុស្សជាច្រើន ប្រថុយជីវិតធ្វើដំណើរឆ្លងកាត់សមុទ្រដើម្បីស្វែងរកជីវិតថ្មី។

ក្រុមជំនួយជនចំណាកស្រុក Walking Borders បានរាយការណ៍ថា មនុស្សជាង ១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំនេះ ដោយព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។ ក្រុមនេះ បានស្តីបន្ទោសរដ្ឋាភិបាល ចំពោះការមិនអើពើនឹងសុវត្ថិភាពនិងសុខុមាលភាព របស់ជនចំណាកស្រុក។

គ្រោះមហន្តរាយនេះ បានបង្កឱ្យមានការអំពាវនាវ សម្រាប់សកម្មភាពបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុក និងការពារជនចំណាកស្រុក ពីការធ្វើដំណើរដ៏គ្រោះថ្នាក់។ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បានអំពាវនាវឱ្យប្រទេសនានា ចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការស្លាប់របស់ជនចំណាកស្រុក នៅក្នុងសមុទ្រ និងផ្តល់ជំនួយ ដល់អ្នកដែលរងផលប៉ះពាល់ ដោយវិបត្តិនេះ៕ ផ្តល់សិទ្ធិដោយ៖ fresh news

Share This Post: