Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Yonhap៖ លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែង ឡើយ

BY Nisaiy KP January 12, 2025
Yonhap៖ លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែង ឡើយ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូង ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះនោះទេ។ នេះបើតាមមេធាវីរបស់លោក Yoon ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យ ទី១២ ខែមករា។

លោក Yun Gap-geun ជាមេធាវីម្នាក់របស់លោក Yoon ធ្វើការប្រកាសបែបនេះ ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសវនាការទាញហេតុផលលើសេចក្ដីសម្រេចរបស់សភា ដែលបានបោះឆ្នោតដកតំណែងលោក Yoon ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ និងក្នុងបរិបទដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ ដើម្បីសួរចម្លើយក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ទាក់ទិននឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះដែរ។

លោក Yun Gap-geun បានគូសបញ្ជាក់បន្ថែមថា «ខណៈការប៉ុនប៉ងដោយខុសច្បាប់ដើម្បីអនុវត្តដីកាខុសច្បាប់ និងគ្មានសុពលភាពកំពុងប្រព្រឹត្តទៅ វាពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព ផ្ទាល់ខ្លួន និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ដូច្នេះដើម្បីសម្រួលឱ្យលោកប្រធានាធិបតីបង្ហាញខ្លួនក្នុងសវនាការ បញ្ហាសុវត្ថិភាព និងសន្តិសុខគួរតែត្រូវបានដោះស្រាយជាមុនសិន»

គួរបញ្ជាក់ថា បើតាមលោក Yun លោក Yoon Suk Yeol នឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើបញ្ហាដែលលោកបានលើកឡើងត្រូវបានដោះស្រាយ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានប្រកាសថាខ្លួននឹងចាប់ផ្ដើមសវនាការទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ហើយសវនាការសរុបទាំង៥ដំណាក់កាលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: