Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូធំបំផុតរបស់ពិភពលោក ជាមួយនិងអ្នកធ្វើធម្មយាត្រា ៤០០លាននាក់

BY Liny Chan January 13, 2025
ឥណ្ឌា ប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូធំបំផុតរបស់ពិភពលោក ជាមួយនិងអ្នកធ្វើធម្មយាត្រា ៤០០លាននាក់

(ញូវដេលី)៖ ពិធីបុណ្យ Kumbh Mela របស់អ្នកកាន់សាសនាហិណ្ឌូនៅឥណ្ឌា បានប្រារព្ធឡើងនៅថ្ងៃចន្ទ ទី១៣ ខែមករានេះ ដោយមានអ្នកធ្វើធម្មយាត្រាយ៉ាងច្រើនកុះករ មកចូលរួមការងូតទឹកតាមទំនៀមទំលាប់នៃពិធី នៅឯចំណុចប្រសព្វនៃទន្លេ Ganges, Yamuna និងទន្លេ Saraswati ជាកន្លែងដែលប្រជាជនជឿថា មានអាទិទេពចុះមកជួបគ្នានៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នករៀបចំព្រឹត្តិការនៃពិធីបុណ្យ រំពឹងថានឹងមានមនុស្សចំនួន ៤០០លាននាក់ ដែលជាការប្រមូលផ្តុំមនុស្សដ៏ច្រើនបំផុតមួយ នៃពិភពលោក។ ពិធីបុណ្យ Kumbh Mela មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាការបង្ហាញពីការគោរពចំពោះសាសនា ដោយការងូតទឹកដ៏ពិសិដ្ឋ។ ចំពេលវេលាដែលមានអាកាសធាតុ​​ត្រជាក់ ​មុន​ថ្ងៃ​រះ អ្នក​ធ្វើ​ធម្ម​យាត្រា​បាន​ងើប​ឡើង​ ដើម្បីចាប់ផ្តើមការចេញទៅងូត​ទឹកទន្លេ។

ព្រះសង្ឃហិណ្ឌូ និងចៅអធិការនៃរដ្ឋ Uttar Pradesh លោក Yogi Adityanath បានស្វាគមន៍អ្នកកាន់សាសនាហិណ្ឌូ ដែលមកចូលរួមពិធីបុណ្យនេះ ដោយឡើកលើកថា វាជាបទពិសោធន៍នៃការរួបរួមក្នុងភាពចម្រុះ ការធ្វើសមាធិ ការងូតទឹកដ៏បរិសុទ្ធនៅទីប្រសព្វនៃជំនឿសាសនា និងនៅក្នុងសម័យកាលទំនើប។

ប៉ូលិស​ឥណ្ឌា​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់​​ ដើម្បី​ធានា​សុវត្ថិភាព​កម្រិត​ខ្ពស់​សម្រាប់​ព្រឹត្តិការណ៍​នេះ។ អាជ្ញាធរ និងប៉ូលិស ក៏បានរៀបចំទីតាំងផ្តល់ព័ត៌មាន និងកម្មវិធីទូរស័ព្ទ ដើម្បីជួយដល់អ្នកដែលវង្វេងបាត់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: