ព័ត៌មានអន្តរជាតិ January 14, 2025

គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន, ប្រកាសអាសន្នរលកយក្សស៊ូណាមិ

Liny Chan

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

រលកយក្សស៊ូណាមិ កម្រិតកម្ពស់ ២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅទីក្រុង Miyazaki ដែលមានប្រជាជនប្រហែល ៤០០.០០០ នាក់។ ទោះបីជាយ៉ាងណា មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរត្រូវបានទទួលនោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata និង Sendai ដែលស្ថិតនៅជិតចំណុច កណ្តាលនៃគ្រោះរញ្ជួយដីដែរ។

JMA កំពុងស៊ើបអង្កេតថាតើ គ្រោះរញ្ជួយដីនេះមានទំនាក់ទំនងជាមួយ Nankai Trough ដែលជាតំបន់បាតសមុទ្រដ៏ជ្រៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងត្រូវបាន គេស្គាល់ថា មានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះរញ្ជួយដីខ្លាំង ដែរឬទេ។ កាលពីខែសីហា ជប៉ុនបានចេញការព្រមានជាលើកដំបូង អំពីហានិភ័យខ្ពស់ជាងធម្មតានៃគ្រោះរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅតំបន់នេះ៕ ផ្ដល់សិទ្ធដោយ៖ Fresh News