Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជាឱ្យអាកាសយានដ្ឋានទាំងអស់ បំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី

BY Liny Chan February 6, 2025
កូរ៉េខាងត្បូង បញ្ជាឱ្យអាកាសយានដ្ឋានទាំងអស់ បំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈថា គ្រប់អាកាសយានដ្ឋានទូទាំងប្រទេស ត្រូវតែបំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី បន្ទាប់ពីគ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុន Jeju Air សម្លាប់មនុស្ស ១៧៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្តហោះធុន Boeing 737-800 ដែលចុះចតទៅហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បែរជាត្រូវផ្ទុះឆេះ។ ពីឡុតនិយាយថា មានការវាយប្រហារពីសត្វបក្សី អំឡុងពេលចុះចតដំបូង។ នៅពេលចុះចតលើកទីពីរ កង់យន្តហោះ​មិនបានបញ្ចេញមកក្រៅទេ ​​ហើយក៏រអិលទៅបុកជញ្ជាំងការពារតែម្តង។ ក្រុមស៉ើបអង្កេតកូរ៉េខាងត្បូង និងសហដ្ឋអាមេរិក កំពុងបន្តរកមូលហេតុពិតប្រាកដនៅឡើយ។

បទបញ្ជានេះ ត្រូវបានប្រកាសជាផ្នែកមួយនៃការត្រួតពិនិត្យសុវត្ថិភាពពិសេស លើអាកាសយានដ្ឋានទូទាំងប្រទេស រួមជាមួយការស្ទង់មតិដ៏ទូលំទូលាយ ទៅលើគ្រឿងបរិក្ខារដែលងាយទាក់ជាមួយសត្វបក្សី។ ក្រសួងដែនដីកូរ៉េខាងត្បូង បញ្ជាក់ថា «អាកាសយានដ្ឋានទាំងអស់ នឹងត្រូវបំពាក់កាមេរ៉ាថតស្កេនយ៉ាងតិចមួយគ្រឿង ដោយអាចចាប់ផ្តើមដាក់ឱ្យដំណើរការ នៅឆ្នាំក្រោយ»។

ឧបករណ៍ Mobile sonic devices ក៏នឹងត្រូវបានអនុវត្តផងដែរ ដើម្បីដោះស្រាយជាមួយទំហំសត្វបក្សី មធ្យមឬធំ។ រីឯ រ៉ាដានឹងឆ្លុះឃើញទំហំ និងចលនារបស់វា ហើយព័ត៌មាននេះត្រូវបញ្ជូនបន្ត ទៅកាន់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលទាក់ទងជាប់ជាមួយពីឡុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: