Alibaba គ្រោងបោះទុនជាង ៥០ពាន់លានដុល្លារចូលក្នុងវិស័យ AI ក្នុងរយៈពេល ៣ឆ្នាំខាងមុខ
(បរទេស)៖ ក្រុមហ៊ុនចិន Alibaba បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៣៨០ពាន់លានយន់ (ប្រហែល ៥២.៤៤ពាន់លានដុល្លារ) នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះ បញ្ជាក់ពីមហិច្ឆតារបស់ Alibaba ក្នុងការឈានមុខគេក្នុងកំណើនដែលជំរុញដោយ AI និងពង្រឹងជំហររបស់ខ្លួនជាអ្នកផ្តល់សេវា cloud ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រកាសនេះ ត្រូវបានគេឱ្យដឹងថាក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនដែលបង្ហាញពីការកើនឡើងប្រមាណ ៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ២៨០.១៥ ពាន់លានយន់សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ Alibaba គូសបញ្ជាក់ថា ចំនួនទឹកប្រាក់វិនិយោគសរុបលើសពីការចំណាយរបស់ក្រុមហ៊ុននៅក្នុង AI និង cloud computing ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
គួរជម្រាបថា ភាគហ៊ុនរបស់ Alibaba បានកើនឡើងជាង ៦៨% ចាប់តាំងពីដើមឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិននៅក្នុងយុទ្ធសាស្ត្រ AI របស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផ្សេងទៀតដូចជា ByteDance ក៏កំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុង AI ផងដែរ ដោយ ByteDance សម្រេចបានជាង ១៥០ ពាន់លានយន់សម្រាប់ការចំណាយដែលផ្តោតលើ AI នៅឆ្នាំ ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







