Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី ថា ការជំនួសរូបលោកជាមេដឹកនាំអ៊ុយក្រែន មិនមែនជារឿងងាយស្រួល ប៉ុន្តែបន្តអះអាងថា នឹងចុះចេញពីតំណែង ជាថ្នូរសម្រាប់សមាជិកភាព NATO

BY Liny Chan March 3, 2025
លោក ហ្សេលេនស្គី ថា ការជំនួសរូបលោកជាមេដឹកនាំអ៊ុយក្រែន មិនមែនជារឿងងាយស្រួល ប៉ុន្តែបន្តអះអាងថា នឹងចុះចេញពីតំណែង ជាថ្នូរសម្រាប់សមាជិកភាព NATO

(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា វានឹងមិនមែនជា​រឿងងាយស្រួលឡើយ ដើម្បីជំនួសរូបលោក ជាប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី បានបញ្ជាក់ម្តងទៀតថា រូបលោក​យល់ព្រមចុះចេញតំណែង ជាថ្នូរនឹងសមាជិកភាពអង្គការ NATO សម្រាប់ប្រទេសរបស់លោក ដែលកំពុងហែកហួរដោយសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមសមាជិកកំពូលៗនៃគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាជំរុញ ឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្តូរគោលជំហររបស់លោក ចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង បន្ទាប់ពីលោក ត្រាំ និងលោកប្រធានាធិបតីអ៊ុយក្រែន បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ចំពោះមុខក្រុមអ្នកកាសែត នៅឯសេតវិមាន កាលពីសប្តាហ៍មុន ជុំវីញបញ្ហាសង្រ្គាមនៅអ៊ុុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ដោយសំអាងលើអ្វីដែលកំពុងកើតឡើង បូករួមជាមួយទំហំនៃការគាំទ្ររបស់ខ្ញុំ ប្រសិនបើពួកគេចង់ជំនួសខ្ញុំ គឺមិនអាចជារឿងងាយស្រួលឡើយ។ រៀបចំការបោះឆ្នោតតែមួយមុខ នឹងមិនទាន់គ្រប់គ្រាន់នោះទេ គឺអ្នកត្រូវហាមមិនឱ្យខ្ញុំឈរឈ្មោះ ដែលរឿងនេះនឹងពិបាកបន្តិចហើយ។ មើលទៅ អ្នកនឹងត្រូវតែចរចាជាមួយខ្ញុំ។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំសុខចិត្តដោះដូរដើម្បីសមាជិកភាព NATO»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រឹងប្រែងអំពាវនាវឱ្យអ៊ុយក្រែន ទទួលបានសមាជិកភាពនៅក្នុងអង្គការ NATO ក្រោមកិច្ចព្រមព្រៀងនានា ដែលចង់បិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែបក្សសម្ព័ន្ធយោធាលោកខាងលិច ដែលដឹកនាំដោយអាមេរិកមួយនេះ បានស្ទាក់ស្ទើរក្នុងការសន្យាធ្វើបែបនោះ។ កាលពីខែកុម្ភៈ លោក ត្រាំ បាននិយាយថា អ៊ុយក្រែនគួរបំភ្លេចចោលទៅ នូវក្តីស្រមៃចង់ក្លាយជាសមាជិក ​NATO ក្រោមកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ដោយលោកលើកហេតុផលថា វាគឺជាមូលហេតុចម្បង ដែលបានបង្កឱ្យសង្រ្គាមផ្ទុះឡើងដំបូង។ រុស្ស៉ីបានចាត់ទុក លទ្ធភាពអ៊ុយក្រែនចូលជាសមាជិក NATO គឺជាហេតុផលមួយ ដែលជំរុញឱ្យខ្លួនចាប់ផ្តើមសង្រ្គាមឈ្លានពាន កាលពី៣ឆ្នាំមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: