Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Duterte ថា លោកទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបសារធាតុខុសច្បាប់ ខណៈកំពុងត្រៀមតតាំងក្តីនៅ ICC

BY Liny Chan March 13, 2025
លោក Duterte ថា លោកទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបសារធាតុខុសច្បាប់ ខណៈកំពុងត្រៀមតតាំងក្តីនៅ ICC

(ហូឡង់)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោករ៉ាប់រងទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក ខណៈរូបលោកកំពុងត្រៀមលក្ខណៈតតាំងរឿងក្តី ដែលត្រូវរំពឹងថា នឹងមានរយៈពេលយូរ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈឃ្លីបវីដេអូមួយបង្ហោះនៅលើគណនី Facebook របស់លោក ដែលហាក់ត្រូវបានថតទុកតាំងពីនៅលើយន្តហោះ លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខ​ប៉ូលិសនិងទាហានរបស់យើង។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំមិនអីទេ ចូរកុំនាំគ្នាបារម្ភ»

នាពេលនេះ លោក Duterte កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ICC នៅប្រទេសហូឡង់ ក្រោយត្រូវបញ្ជូនតាមយន្តហោះឯកជន មកពីប្រទេសហ្វីលីពីន ជាទីដែលរូបលោក​ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់ ICC ពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់អ្នកប្រើប្រាស់និងជួញដូររាប់ពាន់នាក់។ លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការ ICC ក្នុងទីក្រុងឡាអេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ដោយធ្លាប់ដឹកនាំប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០១៦ ដល់២០២២ លោក Duterte នឹងត្រូវប្រឈមការចោទប្រកាន់​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនឹងក្លាយជាអតីតមេដឹកនាំដំបូងគេ នៃតំបន់អាស៉ី ដែលត្រូវឡើងសវនាការជំនំជម្រះក្តី នៅតុលាការ ICC។ យោងតាមតួលេខផ្លូវការរបស់ប៉ូលិសហ្វីលីពីន អំឡុងពេលកាន់អំណាច៦ឆ្នាំរបស់លោក ជនសង្ស័យសរុប​៦២០០នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: