ព័ត៌មានអន្តរជាតិ March 17, 2025

ប្រជាជនហ្វីលីពីនគាំទ្រលោក Duterte នាំគ្នាធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងអតីតមេដឹកនាំរូបនេះពី ICC

Liny Chan

(ម៉ានីល)៖ ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០ ០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ហ្វីលីពីន Rappler។

ក្រុមអ្នកគាំទ្រលោក Duterte បានប្រែក្លាយការប្រារព្ធពិធីខួបលើកទី៨៨នៃការបង្កើតទីក្រុង Davao ដែលជាទីក្រុងកំណើតរបស់លោក Duterte ទៅជាការបង្ហាញការគាំទ្រ និងនាំគ្នាស្រែក ច្រៀង ក៏ដូចជាទាមទារឱ្យមានការធ្វើមាតុភូមិនិវត្តន៍អតីតមេដឹកនាំរូបនេះត្រឡប់មកកាន់ហ្វីលីពីនវិញ។

លោក Duterte ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់ ICC កាលពីថ្ងៃពុធ ទី១២ ខែមីនាកន្លងទៅ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង។ លោកត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ អំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។

អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូ ចំពោះមុខសវនាការនៃអង្គជំនុំជម្រះតុលាការ ICC កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា។ មនុស្សយ៉ាងហោច ៦២៥២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនក្រោមអាណត្តិជាប្រធានាធិបតីហ្វីលីពីនរបស់លោក Duterte ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ប៉ុន្តែ ខាងអង្គការសិទ្ធិមនុស្សអះអាងថាតួលេខ អ្នកស្លាប់មានច្រើនជាងនេះទៅទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News