Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មុនជំនួបទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន អ៊ុយក្រែនបង្ហាញជំនឿចិត្តថា នឹងអាចទទួលបានសន្តិភាពយុត្តិធម៌ហើយឋិតថេរ ក្រោមការដឹកនាំរបស់លោក ត្រាំ

BY Liny Chan March 18, 2025
មុនជំនួបទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន អ៊ុយក្រែនបង្ហាញជំនឿចិត្តថា នឹងអាចទទួលបានសន្តិភាពយុត្តិធម៌ហើយឋិតថេរ ក្រោមការដឹកនាំរបស់លោក ត្រាំ

(កៀវ)៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ទីក្រុងកៀវមិនមែនជាឧបសគ្គ ចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីឡើយ ហើយជឿជាក់ថា ខ្លួននឹងអាចសម្រេចបាន សន្តិភាពដែលមានយុត្តិធម៌និងឋិតថេរ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក Sybiha បាននិយាយថា «យើងមិនមែនជាឧបសគ្គ នៃការឆ្ពោះទៅសម្រេចបានសន្តិភាពឡើយ ហើយយើងពិតជាជឿថា ក្រោមកិច្ចប្រឹងប្រែងដឹកនាំរបស់ប្រធានាធិបតី ត្រាំ ពួកយើងនឹងអាចសម្រេចបាននូវសន្តិភាពមួយ ដែលប្រកបដោយយុត្តិធម៌ និងឋិតថេរយូរអង្វែង»។ លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបន្តថា នាពេលនេះ ទីក្រុងកៀវកំពុងរង់ចាំមើល ភាពច្បាស់លាស់លេចឡើង ក្នុងដំណើរការស្វែងរកសន្តិភាព ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោក ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យ លោក ពូទីន យល់ព្រមទទួលយក សំណើបទឈប់បាញ់មួយ មានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ស្រប កាលពីសប្តាហ៍មុន។ មកទល់ពេលនេះ លោក ពូទីន ពុំទាន់បានបង្ហាញឆន្ទៈទទួលយក ហើយក៏មិនបានបដិសេធទាំងស្រុង នោះដែរ។ លោក ត្រាំ បានប្រាប់ថា រូបលោកនឹងនិយាយជាមួយ លោក ពូទីន អំឡុងវេលាព្រឹក​ថ្ងៃអង្គារ (ពេលវេលានៅអាមេរិក) អំពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈសម្បទានទឹកដីពីអ៊ុយក្រែន និងការគ្រប់គ្រង​រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទំនងនឹងជាប្រធានបទចម្បង ក្នុងកិច្ចសន្ទនានោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: