ព័ត៌មានអន្តរជាតិ May 6, 2025

រដ្ឋចំនួន ៦របស់សហរដ្ឋអាមេរិក ស្នើឱ្យមានជំនួបជាមួយថ្នាក់ដឹកនាំខេត្តនៅកាណាដា ដើម្បីពិភាក្សាអំពីបញ្ហាពន្ធគយរបស់លោក ត្រាំ

Liny Chan

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋចំនួន ៦នៅសហរដ្ឋអាមេរិក បានអញ្ជើញបណ្តាថ្នាក់ដឹកនាំខេត្តរបស់កាណាដា មកពិភាក្សាគ្នាអំពីផលប៉ះពាល់ដោយពន្ធគយ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយនិងការរិះគន់វិធានការពន្ធនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។

ការិយាល័យរដ្ឋបាលរដ្ឋ Massachusetts បានឱ្យដឹងថា អភិបាលរដ្ឋ Massachusetts, Maine, New York, Connecticut, Rhode Island និង Vermont បន្តអញ្ជើញអភិបាលខេត្តចំនួន ៦របស់កាណាដា ដូចជា New Brunswick, Newfoundland and Labrador, Nova Scotia, Ontario, Prince Edward Island និង Quebec។ លិខិតអញ្ជើញនោះ ស្នើឱ្យមានកិច្ចពិភាក្សាមួយនៅក្នុងទីក្រុង Boston ដែលរួមមានផលប៉ះពាល់អំពីពន្ធគយ និងរបៀបដែលមេដឹកនាំអាមេរិក-កាណាដា ត្រូវបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា អភិបាលរដ្ឋ Vermont គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ រីឯអភិបាលរដ្ឋចំនួន ៥នាក់ទៀតមកពីបក្សប្រជាធិបតេយ្យ។ ក្រោយឡើងកាន់តំណែងនាខែមករា លោក ត្រាំ បានប្រកាសយកពន្ធលើទំនិញរបស់កាណាដា។ ​នាយក​រដ្ឋមន្ត្រី លោក Mark Carney បាន​និយាយ​ថា កាណាដា ត្រូវតែកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលជាអ្នកនាំចូល ៧៥ភាគរយនៃទំនិញរបស់កាណាដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News