Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Bill Gates សន្យាបរិច្ចាគទ្រព្យ ២០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៤៥, ចោទលោក Musk ថា «កំពុងធ្វើបាបអ្នកក្រក្នុងពិភពលោក»

BY Liny Chan May 9, 2025
លោក Bill Gates សន្យាបរិច្ចាគទ្រព្យ ២០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៤៥, ចោទលោក Musk ថា «កំពុងធ្វើបាបអ្នកក្រក្នុងពិភពលោក»

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋី Bill Gates បានសន្យានៅថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្ទើរតែទាំងអស់របស់លោកក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយថាទឹកប្រាក់ ២០០ពាន់លានដុល្លារនឹងទៅដល់ជនក្រីក្របំផុតលើពិភពលោកតាមរយៈមូលនិធិរបស់លោកនៅត្រឹមឆ្នាំ ២០៤៥។ ស្របពេលជាមួយគ្នា លោកក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើលោក Elon Musk និងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចោទថា កំពុង «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Gates បានចោទចំៗថា លោក Musk ដែលដឹកនាំកិច្ចការកាត់បន្ថយចំណាយរដ្ឋាភិបាលក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើឲ្យមានការកាត់ផ្ដាច់ថវិកាទីភ្នាក់ងារ USAID ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វ៉ាក់សាំងកុមារ និងជំនួយស្បៀង។ ទន្ទឹមគ្នានេះ លោក Gates បានបញ្ជាក់ពីការប្ដេជ្ញាចិត្តបរិច្ចាគទ្រព្យសម្បត្តិ និងបិទមូលនិធិរបស់លោកនៅឆ្នាំ ២០៤៥ ដោយលើកឡើងថា បញ្ហាបន្ទាន់ក្នុងពិភពលោក មានច្រើនជាងការដែលលោកត្រូវរក្សាទុកទ្រព្យសម្បត្តិ ហើយថាលោកនឹងមិនស្លាប់ក្នុងនាមជាអ្នកមាននោះទេ។

ការរិះគន់នេះ កើតឡើងខណៈដែលរដ្ឋាភិបាលជាច្រើន រួមមានអាមេរិក អង់គ្លេស និងបារាំង កំពុងកាត់បន្ថយជំនួយអន្តរជាតិ។ លោកបានចោទសួរថា តើប្រទេសអ្នកមានបំផុតនឹងបន្តជួយប្រជាជនក្រីក្របំផុតឬយ៉ាងណា ហើយបានសង្កត់ធ្ងន់ថា ទោះបីមូលនិធិរបស់លោកមានទឹកប្រាក់ច្រើនក៏ដោយ ក៏វឌ្ឍនភាពទ្រង់ទ្រាយធំ ដូចជាការលុបបំបាត់ជំងឺស្វិតដៃជើង មិនអាចកើតឡើងបានទេ បើគ្មានការគាំទ្រពីរដ្ឋាភិបាល។

គួរបញ្ជាក់ថា ការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗនេះ បង្ហាញពីភាព​មិន​ចុះ​សម្រុង​គ្នា​កាន់តែ​ខ្លាំង​រវាង​មហាសេដ្ឋី​បច្ចេកវិទ្យា​ដ៏​មាន​ឥទ្ធិពល​ទាំងពីររូប​នេះ ជុំវិញ​ទស្សនៈ​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល និង​ការ​ដោះស្រាយ​បញ្ហា​សកល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: