Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី បបួលលោក ពូទីន ជួបគ្នាចរចាដោយផ្ទាល់ នៅតួកគីយ៉េ ក្រោយការអន្តរាគមន៍ពីលោក ត្រាំ

BY Liny Chan May 12, 2025
លោក ហ្សេលេនស្គី បបួលលោក ពូទីន ជួបគ្នាចរចាដោយផ្ទាល់ នៅតួកគីយ៉េ ក្រោយការអន្តរាគមន៍ពីលោក ត្រាំ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់រូបលោកជាសាធារណៈឱ្យទទួលយកសំណើចរចាដោយផ្ទាល់របស់លោក ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ? លោក ពូទីន និងលោក ហ្សេលេនស្គីមិនធ្លាប់បានជួបគ្នាឡើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក។ កាលពីថ្ងៃអាទិត្យនោះដែរ លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំនឹងរង់ចាំលោក ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ (សប្ដាហ៍នេះ)។ ជួបមុខគ្នាដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថាពេលវេលានេះ រុស្ស៉ីនឹងមិនមានលេសអ្វីទៀតនោះទេ»

គួរបញ្ជាក់ថា សំណើចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីមហាអំណាចអឺរ៉ុបធំៗ បានទាមទារឱ្យលោកប្រធានាធិបតីរុស្ស៉ី ទទួលយកបទឈប់បាញ់ ៣០ថ្ងៃជាមួយអ៊ុយក្រែន បើពុំដូច្នោះទេ អឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូ។ លោក ហ្សេលេនស្គីវិញ ក៏បានបញ្ជាក់ដែរថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចា បើមូស្គូ ទទួលយកបទឈប់បាញ់ ៣០ថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: