Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៉ីរ៉ង់ ចោទថាលោក ត្រាំ ភូតកុហកនៅពេលនិយាយអំពីសន្តិភាព

BY Nisaiy KP May 18, 2025
មេដឹកនាំកំពូលអ៉ីរ៉ង់ ចោទថាលោក ត្រាំ ភូតកុហកនៅពេលនិយាយអំពីសន្តិភាព

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាភូតកុហកនៅពេលលោកប្រធានាធិបតីអាមេរិក និយាយកាលពីអំឡុងដំណើរទស្សនកិច្ច នៅតំបន់ឈូងសមុទ្រពែរ្សក្នុងសប្តាហ៍នេះថា រូបលោកចង់បានសន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Khamenei បានបន្តថា ផ្ទុយមកវិញ ជាក់ស្តែងគឺសហរដ្ឋអាមេរិក ប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្តល់គ្រាប់បែកធុនធ្ងន់​ឱ្យទៅអ៉ីស្រាអែលយកទម្លាក់លើកុមារនៅឯតំបន់ហ្កាហ្សា។ លោក Khamenei បានបន្តថា សម្តីចង់បានសន្តិភាពរបស់លោក ត្រាំ គឺជាសម្តីគួរឱ្យអាម៉ាស់មួយ ទាំងសម្រាប់ម្ចាស់សម្តីផ្ទាល់ និងសម្រាប់ប្រជាជនអាមេរិកទាំងមូល។ លោក Khamenei សង្កត់ធ្ងន់ថា ប្រភពពីសង្រ្គាមនិងជម្លោះនៅក្នុងតំបន់ គឺអ៉ីស្រាអែលដែលប្រៀបដូចជាដុំសាច់មហារីកដ៏គ្រោះថ្នាក់បំផុតមួយ។

កាលពីថ្ងៃដដែល ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក៏បានលើកឡើងដែរថា នៅពេលនិយាយអំពីសន្តិភាព ទន្ទឹមគ្នាលោក ត្រាំ បានប្រើពាក្យសម្តីគំរាមកំហែង ជាហេតុធ្វើឱ្យពិបាកនឹងជឿជាក់។ លោក Pezeshkian បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិក ប៉ុន្តែមិនខ្លាចការគំរាមកំហែងឡើយ ហើយក៏មិនចង់ឱ្យមានសង្រ្គាមដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air One Force ក្រោយចាកចេញពី​អេមីរ៉ាតអារ៉ាប់រួមថា អ៉ីរ៉ង់ចាំបាច់ត្រូវតែសម្រេចចិត្តឱ្យបានឆាប់ លើសំណើរបស់អាមេរិក សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ព្រោះបើពុំដូច្នោះទេ រឿងអាក្រក់មុខជានឹងកើតឡើងមិនខាន។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានអះអាងថា ទីក្រុងតេហេរ៉ង់ មិនបានទទួលសំណើណាមួយឡើយ។ កិច្ចចរចាជុំទី៤ រវាងអ៉ីរ៉ង់-អាមេរិក បានប្រព្រឹត្តទៅនៅប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈកិច្ចចរចាជុំថ្មីទៀត មិនទាន់កំណត់ពេលវេលានៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: