អ៊ុយក្រែន បា-ញ់ស្ទាក់បានមីស៉ីល ៦គ្រាប់ និងដ្រូន ២៤៥គ្រឿងរបស់រុស្ស៉ី ខណៈលោក ហ្សេលេនស្គី អំពាវនាវឱ្យបង្កើនទណ្ឌកម្មលើមូស្គូ
(កៀវ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ៦គ្រាប់ និងយន្តហោះដ្រូនសរុបរហូតដល់២៤៥គ្រឿង អំឡុងការវាយប្រហារធំមួយរបស់រុស្ស៉ីតាមផ្លូវអាកាស ដែលមានគោលដៅចម្បងលើរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្សយ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបង្ខំឱ្យរុស្ស៉ីយល់ព្រមចំពោះបទឈប់បាញ់។
គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៉ីលនិងដ្រូនខាងលើ គឺកើតមានឡើង បន្ទាប់ពីទីក្រុងមូស្គូ បានព្រមានថា នឹងឆ្លើយតបវិញ ចំពោះការវាយប្រហារដ្រូនរាប់រយគ្រឿងរបស់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មកលើប្រទេសរុស្ស៉ី។ កាលពីថ្ងៃសុក្រ រុស្ស៉ីនិងអ៊ុយក្រែនទើបតែដោះដូរអ្នកទោសសង្រ្គាម សរុប៧៨០នាក់ ដែលជាដំណាក់កាលដំបូង នៃការព្រមព្រៀងដោះដូរអ្នកទោសដ៏ច្រើនបំផុតមួយ រវាងភាគីទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


