Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

 ថៃ៖ ផ្ទះសម្បែង៣៧០០ខ្នង ជន់លិចដោយទឹកជំនន់នៅភាគខាងជើងប្រទេស ខណៈប្រជាជន៤,៤០០គ្រួសារ រងផលប៉ះពាល់

BY Naren June 28, 2025
 ថៃ៖ ផ្ទះសម្បែង៣៧០០ខ្នង ជន់លិចដោយទឹកជំនន់នៅភាគខាងជើងប្រទេស ខណៈប្រជាជន៤,៤០០គ្រួសារ រងផលប៉ះពាល់

(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ចបន្ទាន់មួយ ទៅកាន់តំបន់ភាគខាងជើងប្រទេសថៃ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាថៃបានឱ្យដឹងថា លំនៅដ្ឋានច្រើនជាង ៣ ៧០០ខ្នង ត្រូវបានជន់លិចនៅពាសពេញស្រុកចំនួន៥ នៃខេត្ត Chiang Rai រួមជាមួយផ្ទៃដីកសិកម្មប្រមាណ៨០នាក់ បានរងការបំផ្លិចបំផ្លាញ ហើយផ្លូវ​នៅតំបន់ចំនួន៣ ពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថា នឹងនៅតែបន្តប៉ុន្មានថ្ងៃទៀត។ ប្រជាជនថៃជាង៤​ ៤០០គ្រួសារ ត្រូវរាយការណ៍ថា បានរងផលប៉ះពាល់។

លោកស្រី Paetongtarn បានបំពេញទស្សនកិច្ចចុះទៅពិនិត្យមើលការខូចខាតដោយផ្ទាល់ នៅឯតំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុក Phaya Mengrai ចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសឡាវ។ លោកស្រីបានធ្វើទស្សនកិច្ចនេះ ស្របពេល​ដែលលោកស្រី កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង នៅឯរាជធានីបាងកក ជាទីដែលបាតុករយ៉ាងហោច១០០០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា នាថ្ងៃសៅរ៍នេះ ដើម្បីទាមទារឱ្យលោកស្រីចុះចេញពីតំណែង ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយកម្ពុជា។

គួរបញ្ជាក់ថា ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយថៃ កំពុងបន្តឃ្លាំមើលកម្រិតទឹក ហើយបានទទូចឱ្យសហគមន៍ ផ្លាស់ទីទៅកន្លែងទួលខ្ពស់ៗ ក្នុងករណីមានគ្រោះទឹកជំនន់ភ្លាមៗ។ ខណៈប្រទេសថៃ តែងទទួលរងការធ្លាក់ភ្លៀងខ្លាំង នៅអំឡុងត្រីមាសទី៣ប្រចាំឆ្នាំ កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងជំរុញឱ្យមានលំនាំបាតុភូតអាកាសធាតុកាន់តែអាក្រក់ៗ ដែលធ្វើឱ្យគ្រោះទឹកជំនន់ក្នុងកម្រិតធ្ងន់ធ្ងរ ងាយកើតឡើងញឹកញាប់។ កាលពីឆ្នាំ២០២៤ មនុស្សយ៉ាងហោចជាង៤០នាក់ បានស្លាប់នៅប្រទេសថៃ ដោយសារឧប្បត្តិហេតុពាក់ព័ន្ធទឹកជំនន់ និងជំរុញដោយឥទ្ធិពលនៃព្យុះទីហ្វុង Yagi៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: