មុនកិច្ចចរចានៅម៉ាឡេស៊ី អាស៊ានជំរុញឱ្យកម្ពុជា និងថៃ អត់ធ្មត់ជាអតិបរមា អំពាវនាវឱ្យមានបទឈប់បា-ញ់ជាបន្ទាន់
(គូឡាឡាំពួ)៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចន្ទ ទី២៨ ខែកក្កដានេះបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា និងថៃ ជាមួយការបង្ហាញពីការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការកើនឡើងចំនួនអ្នកស្លាប់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Malay Mail។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជំរុញឱ្យប្រទេសទាំង២ បញ្ឈប់អរិភាពទាំងអស់នឹងគ្នា ហើយត្រឡប់ទៅរកកិច្ចសន្ទនាដើម្បីបង្ការឱ្យជម្លោះ និងការបំផ្លិចបំផ្លាញកើតឡើងនៅពេលអនាគត។ សេចក្ដីថ្លែងការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងកត់សម្គាល់ពីតម្រូវការចាំបាច់ពីភាគីទាំង២ ក្នុងការអនុវត្តការអត់ធ្មត់ ជាអតិបរមា និងទទួលយកបទឈប់បាញ់ជាបន្ទាន់»។
តាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបង្ហាញការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន ដើម្បីសម្របសម្រួល និងនាំភាគីទាំង២មករកតុចរចា។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ គ្រោងជួបគ្នានៅទីក្រុងគូឡាឡាំពួ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ដើម្បីចរចាលើបទឈប់បាញ់ស្នើឡើងដោយលោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

