ព័ត៌មានជាតិ July 28, 2025

គណៈកម្មាធិការសិទ្ធិមនុស្ស ថ្កោលទោសចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនារបស់យោធាថៃឈ្លានពានទឹកដីកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

Liny Chan

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនា របស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជានាពេលថ្មីៗនេះ។

សកម្មភាពល្មើសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញាអាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម៖

* សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
* សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
* សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។

ដោយមើលឃើញពីការរំលោភធ្ងន់ធ្ងរនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ៖

ទី១៖ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃថាជាការបំពានច្បាប់អន្តរជាតិ
ទី២៖ ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សារធាតុគីមី ឬសារធាតុពុលដែលប្រទេសថៃប្រើប្រាស់ប្រឆាំងនឹងប្រទេសកម្ពុជា។
និងទី៣៖ ធានាការការពារជនស៊ីវិល បេតិកភណ្ឌវប្បធម៌ និងបរិស្ថាន ស្របតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជំរុញសហគមន៍អន្តរជាតិ ឱ្យឈរជាមួយប្រទេសកម្ពុជាក្នុងការប្រឈមមុខនឹងការរំលោភយ៉ាងធ្ងន់ធ្ងរដោយប្រទេសថៃ និងដើម្បីលើកកម្ពស់យុត្តិធម៌ សន្តិភាព និងនីតិរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News