ព័ត៌មានជាតិ July 29, 2025

អ្នកនាំពាក្យក្រសួងការពារជាតិ បង្ហាញលទ្ធផល ជំនួបរវាងយោធភូមិភាគទី១ថៃ និងភូមិភាគ៥កម្ពុជា

Liny Chan

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់នេះ បានបង្ហាញលទ្ធផល ជំនួបរវាងយោធភូមិភាគទី១ថៃ និងភូមិភាគ៥កម្ពុជា នៅចំណុចក្បាលស្ពាន។

លោកស្រីបានឲ្យដឹងថា ភាគីទាំងពីរ បានសួរសុខទុកគ្នា ព្រមព្រៀងគ្នាគោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នាបង្កើនភាពតានតឹង ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ក្រោយកិច្ច ប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងលើបទឈប់បាញ់ដោយសម្រេច ៣ចំណុចដូចតទៅ៖

១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។

៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News