Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ជនភៀសសឹងកម្ពុជា កើនឡើងដល់ ១៧២ ០៩៤នាក់

    BY Liny Chan July 31, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ជនភៀសសឹងកម្ពុជា កើនឡើងដល់ ១៧២ ០៩៤នាក់

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹងកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានកើនឡើងដល់ ១៧២ ០៩៤នាក់។

    លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា- ថៃ» នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា «ចំពោះការធ្វើបច្ចុប្បន្នភាពនៃជនភៀសសឹង គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យសរុបចំនួន ៣៩ ៥៤៦នាក់, ខេត្តព្រះវិហារសរុប ៣២ ៥៥៨នាក់, បន្ទាយមានជ័យសរុបចំនួន ៣៥ ០៥៧នាក់, ខេត្តពោធិ៍សាត់សរុបចំនួន ៣ ០២៦នាក់, ខេត្តសៀមរាបសរុបចំនួន ៦១ ៩០៧នាក់ ដែលសរុបទាំង៥ខេត្តនេះ កើនឡើងដល់ ១៧ ២០៩៤នាក់»

    សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃ​ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ,​ ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម នឹងបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ ត្រូវធ្វើភៀសសឹក ចាគចេញពីផ្ទះរបស់ខ្លួនដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់សៀម។

    ជាមួយគ្នានោះ កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដែលអនុវត្តចាប់ពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចចរចាមួយនៅប្រទេសម៉ាឡេស៉ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ដួចផ្ដើមគំនិតពីសហរដ្ឋអាមេរិក និងដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងមានការចូលរួមពីចិនផងដែរ៕

    សូមជម្រាបដែរថា​ ចំពោះជនភៀសសឹងវិញ ក្រោមការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ដោយរៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។

    ជាមួយគ្នានេះក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: