ព័ត៌មានជាតិ August 6, 2025

អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយព័ត៌មានប្រឌិតរបស់ថៃ ពាក់ព័ន្ធការឃាត់ខ្លួនបុរសម្នាក់ថាជាចារកម្មរបស់កម្ពុជា និងជាយោធិននៅបញ្ជាការដ្ឋានអង្គរក្ស (BHQ)

Liny Chan

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតរបស់ថៃ ពាក់ព័ន្ធការឃាត់ខ្លួនបុរសម្នាក់នៅខេត្តបុរីរ៉ាំ និងចោទថា បុគ្គលនោះជាចារកម្មរបស់កម្ពុជា និងជាយោធិនបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស (BHQ)។

តាមរយៈសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការផ្សាយព័ត៌មាននេះ ជាការបង្កើតសាច់រឿងគ្មានមូលដ្ឋាន គ្មានភស្ដុតាង ផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជាពីសំណាក់សារព័ត៌មានថៃ ដែលគ្មានវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការលើកឡើងរបស់សារព័ត៌មានថៃ ពាក់ព័ន្ធការចោទប្រកាន់លើបុគ្គលម្នាក់ថាជា ទាហានរបស់កម្ពុជា ហើយបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស។ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយដោយគ្មានមូលដ្ឋានបង្កើតសាច់រឿង គ្មានភស្ដុតាង មិនទាន់មានការស៉ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជារបស់សារព័ត៌មានថៃមួយចំនួន»

សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សារព័ត៌មានថៃបានផ្សាយព័ត៌មានមិនពិត ដោយប្រឌិតលើកឡើងថា ប៉ូលិសខេត្តបុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់បម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស ហៅកាត់ BHQ និងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះ ដើម្បីបញ្ជូនព័ត៌មានពាក់ព័ន្ធយោធាថៃមកកាន់ប្រទេសកម្ពុជា។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតដោយយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួន ដូចក្នុងរូបដែលភាគីថៃបង្ហាញចូលបម្រើការងារក្នុងក្របខ័ណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News