អ្នកជំនាញកែច្នៃអាហារកូរ៉េ នឹងជួយសហគ្រាសកម្ពុជា ក្នុងការកែច្នៃ និងអភិវឌ្ឍន៍ផលិតផលស្របតាមតម្រូវការបច្ចុប្បន្ន
(ភ្នំពេញ)៖ អ្នកជំនាញកែច្នៃអាហាររបស់កូរ៉េ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SMEs) កែច្នៃ និងអភិវឌ្ឍន៍ផលិតផលថ្មីៗឱ្យមានគុណភាព និងស្តង់ដាសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនាំចេញ ខណៈបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកការផលិត និងអភិវឌ្ឍន៍ផលិតផលថ្មីៗបន្ថែមទៀត សម្រាប់ជំនួសទំនិញនាំចូលពីថៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក JUNG JAE HAK នាយករងនាយកដ្ឋានកំណើនសាកលរបស់វិទ្យាស្ថានបច្ចេកវិទ្យាជឿនលឿនកូរ៉េបានលើកឡើងថា ក្នុងខណៈពេលនេះ គឺជាឱកាសល្អដែលSMEsកម្ពុជា ត្រូវចាប់ឱកាសក្នុងការផលិត ដូច្នេះហើយអ្វីដែលSMEsកម្ពុជា មានបំណងចង់កែច្នៃ អាចមកសិក្សាបច្ចេកទេសកែច្នៃជាមួយអ្នកជំនាញកូរ៉េ នៅវិទ្យាស្ថានកែច្នៃម្ហូបអាហារកូរ៉េ ដើម្បីពង្រឹងការផលិតរបស់ខ្លួន ក្នុងការឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះលោកបន្ថែមថា «វិទ្យាស្ថានកែច្នៃម្ហូបអាហារកូរ៉េ នឹងសហការជាមួយនឹងក្រសួងឧស្សាហកម្ម ដើម្បីសិក្សាបន្ថែមពីតម្រូវការកែច្នៃម្ហូបអាហារនៅកម្ពុជា ទៅលើប្រភេទម្ហូបអាហារបែបណាខ្លះដែលត្រូវផលិត ហើយអ្នកជំនាញកូរ៉េនឹងជួយជំរុញឱ្យកាន់តែល្អប្រសើរ ហើយនឹងគិតគូរនាំចេញទៅលក់នៅទីផ្សារកូរ៉េបាននៅពេលខាងមុខ»។
លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា ស្របតាមតម្រូវការនៃសម័យកាលនេះប្រទេសកូរ៉េបាននឹងកំពុងលើកកម្ពស់គម្រោង TASK ផ្នែកវិស័យម្ហូបអាហារ សម្រាប់រយៈពេល០៦ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ ដើម្បីដោះស្រាយការលំបាកដែលក្រុមហ៊ុនម្ហូបអាហារកម្ពុជាបានជួបប្រទះ និងផ្តល់ការណែនាំបច្ចេកទេសផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនមែន ជាការគាំទ្រតែម្តងនោះទេ ប៉ុន្តែជាការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងជាកិច្ចសហប្រតិបត្តិការទៅវិញទៅមកដូច្នេះយើងកំពុងលើកកម្ពស់គម្រោងបង្កើតមជ្ឈមណ្ឌល កែច្នៃម្ហូបអាហារ កម្ពុជា-កូរ៉េ ជាគម្រោងបន្តចាប់ផ្តើមពីឆ្នាំ ២០២៣។
លោកបានលើកឡើងបន្ថែមថា៖ «គម្រោងនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ យើងសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រចាំបាច់»។
លោក ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍អាហារកម្ពុជានេះ គឺជាការចាប់ផ្តើមនៃដំណើរផ្លាស់ប្តូរដែលនឹងលើកកម្ពស់ធុរៈកិច្ច អាហារកម្ពុជាទៅកាន់កម្រិតថ្មីនៃទីផ្សារប្រកួតប្រជែង ដោយប្រើប្រាស់មូលនិធិបដិភាគ ទ្វេភាគី (កម្ពុជា-កូរ៉េ)។ គម្រោង មានគោលបំណងផ្តល់ការគាំទ្រ ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម ផលិតផល និងការកសាងសមត្ថភាពដល់ សហគ្រាសធុនតូចនិងមធ្យមផ្នែកអាហារ។ លើសពីនេះទៅទៀតសម្រាប់ចក្ខុវិស័យវែងឆ្ងាយ គឺប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលសកលសម្រាប់ការច្នៃប្រឌិតបច្ចេក វិទ្យាអាហារ ដើម្បីធានាថាផលិតផលអាហារដែលផលិតក្នុងស្រុកអាចបំពេញតម្រូវការក្នុងប្រទេស និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។
លោកបញ្ជាក់បន្ថែមថា «ពេលនេះ គឺជាពេលសំខាន់ដែលយើងគាំទ្រផលិតផលក្នុងស្រុករបស់យើងហើយការបើកសម្ពោធមជ្ឈមណ្ឌលនេះ គឺជាពិតជាសំខាន់មែនទែន ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមធ្វើផលិតផលឱ្យបានល្អ ដើម្បីយើងផលិតមកមានគុណភាព សុវត្ថិភាព ហើយឆ្ងាញ់ទៀត។ អ៊ីចឹងពេលនេះ គឺជាពេលសក្កសមបំផុតហើយដែលយើងជួយគ្នា ជាពិសេសមជ្ឍមណ្ឌលនេះនឹងបានជួយច្រើនក្នុងការគាំទ្រ សហគ្រិនយើងដើម្បីធ្វើផលិតផលក្នុងស្រុក»។
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តវិស័យឯកជន ពិសេសសិប្បកម្ម និងសហគ្រាសកម្មន្តសាលក្នុងស្រុក ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ដើម្បីពង្រឹងសមត្ថភាពនវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្ដង់ដាជាតិ និងអន្ដរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News











