កម្ពុជាទទួលបានចំណូលជាង ៣០៩លានដុល្លារ ពីការនាំចេញអង្ករជាង ៤២ម៉ឺនតោន នៅរយៈពេល ៧ខែឆ្នាំនេះ
(ភ្នំពេញ)៖ ការនាំចេញក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះ៖
* ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៧ប្រទេស បានបរិមាណចំនួន ៥៧ ១៧៩ តោន គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៦៥% ប្រភេទអង្ករសគ្រាប់វែង ១៥.៦១% អង្ករចំហ៊ុយ ៣.២៧% អង្ករសរីរាង្គចំនួន ២.៦១% និងអង្ករផ្សេងៗចំនួន ០.៨៦%។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយFresh News


