ព័ត៌មានជាតិ August 9, 2025

ក្រោយចិនអនុញ្ញាតឲ្យនាំទុរេនទៅលក់លើទីផ្សាររបស់ខ្លួន, ក្រុមហ៊ុនក្នុងស្រុកមួយទៀត គ្រោងនាំចេញទុរេនខ្មែរ ៥ពាន់តោននៅឆ្នាំ២០២៥នេះ

Liny Chan

(ភ្នំពេញ)៖ ដោយទទួលបានការទុកចិត្ត និងអនុញ្ញាតពីសំណាក់រដ្ឋាភិបាលចិន, នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនក្នុងស្រុកមួយទៀត បាននាំចេញទុរេនជាជំហានដំបូងចំនួន ១,៧៥០គីឡូក្រាមទៅប្រទេសចិន តាមរយៈការដឹកជញ្ជូនតាមយន្តហោះ ព្រោះថា ទុរេនដែលនាំចេញនេះ ជាប្រភេទទុរេនខ្មែរសុទ្ធ ដាំលើទឹកដីកម្ពុជាដែលមានបទដ្ឋានស្របតាមស្តង់ដា គ្មានជាតិគីមី និងមានឱជារសឈ្ងុយ ផ្អែមឆ្ងាញ់បំផុត។

តាមផែនការ សម្រាប់ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងការអនុញ្ញាតឲ្យនាំទុរេនទៅកាន់ទីផ្សារចិនខាងលើ គឺក្រុមហ៊ុន KONG & DONG Cooperation IMPORT & EXPORT Co., LTD. ដោយគ្រោងនាំទៅជាង៥ពាន់តោន។

លោកបណ្ឌិត អ៊ុក គង់ ប្រធានក្រុមហ៊ុន K and D opperation import export Co, LTD និងជាប្រធានសមាគមទុរេនកម្ពុជា បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ និងណែនាំពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឌិត ទីណា ជារដ្ឋមន្ត្រី បានផ្ដល់អាជ្ញាប័ណ្ណ និងក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ក្រុមហ៊ុនរបស់លោកបាននិងកំពុងខិតខំប្រឹងប្រែងជ្រើសរើសយកទុរេនល្អបំផុតរបស់កម្ពុជាយើងនេះ គឺប្រមូលផលបានមកពីកសិករខ្មែរដែលមានទីតាំងនៅខេត្តចំនួន៨ ដែលពួកគេទទួលបានបច្ចេកទេសដាំដុស ពូជ និងការថែទាំស្របតាមស្តង់ដា ដែលទុរេនដែលបេះពីចំការគឺថ្មីៗ ស្រស់ៗ ផ្អែមឆ្ងាញ់ និងស្របតាមការចង់បានពីភាគីចិន ទើបក្រុមហ៊ុនយើងអាចនាំចេញទៅលក់លើទីផ្សាររបស់ប្រទេសចិនបាន ហើយនេះក៏ជាឱកាសដែលប្រជែងដណ្ដើមទីផ្សារជាមួយប្រទេសថៃផងដែរ។

លោកថា នេះជាឱកាសមាសដែលក្រុមហ៊ុនយើងខ្ញុំ សហការជាមួយសមាគមទុរនកម្ពុជា មានផែនការនាំចេញទុរេនចំនួន៥ពាន់តោននៅឆ្នាំ២០២៥នេះ ដែលជំហានដំបូងនេះ យើងនាំចេញទុរេនចំនួន១,៧៥០គីឡូក្រាមសិន ហើយនឹងនាំចេញជាដំណាក់បន្តបន្ទាប់រហូតដល់គ្រប់ចំនួន៥ពាន់តោន។

លោកបន្តថា ក្រុមហ៊ុនគ្រោងនាំចេញ៨ពាន់តោនទៀតនៅឆ្នាំ២០២៦ខាងមុខ ខណៈដែលភាគីចិន រង់ចាំស្វាគមន៍ទទួលដៃ១០តែម្ដង ព្រោះចិនបានទទួលស្គាល់ពីស្តង់ដាទុរេនខ្មែរយើងដែលជាទុរេនជាប់ចំណាត់ថ្នាក់លេខ១លើសាកលលោក។

លោកបណ្ឌិតបន្តថា មកទល់នឹងពេលនេះ យើងបានសហការជាមួយកសិករនៅខេត្តចំនួន៨ដែល រួមមាន៖ ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តកំពត, ខេត្តរតនគិរី, ខេត្តត្បូងឃ្មុំ, និងខេត្តកំពង់ធំ ហើយខេត្តដែលកំពុងទទួលបានសហការបន្ទាប់ទៀតគឺ ខេត្តសៀមរាប និងអនាគតសហការជាមួយកសិករនៅទូទាំងប្រទេសតែម្ដង ឲ្យតែដីល្អ មានជីជាតិ និងគោរពតាមស្តង់ដាដែលខាងក្រុមហ៊ុនណែនាំឲ្យដាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News