Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តៃវ៉ាន់ត្រៀមជម្លៀសប្រជាជនរាប់រយនាក់ ខណៈព្យុះទីហ្វុង Podul បោកបក់ឆ្ពោះមករកតំបន់ភាគអាគ្នេយ៍

    BY Liny Chan August 12, 2025
    តៃវ៉ាន់ត្រៀមជម្លៀសប្រជាជនរាប់រយនាក់ ខណៈព្យុះទីហ្វុង Podul បោកបក់ឆ្ពោះមករកតំបន់ភាគអាគ្នេយ៍

    (តៃប៉ិ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា អាជ្ញាធរតៃវ៉ាន់កំពុងត្រៀមលក្ខណៈជម្លៀសមនុស្សរាប់រយនាក់ មុនការអាចបោកបក់មកចំនៃព្យុះទីហ្វុងឈ្មោះ Podul លើតំបន់ភាគអាគ្នេយ៍ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

    ព្យុះទីហ្វុង Podul នាពេលនេះ មានកម្លាំងកម្រិតមធ្យមជាមួយល្បឿនខ្យល់បោកបក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងឆ្ពោះមករក​ទីក្រុង Taitung ហើយត្រូវបានរំពឹងថា អាចនឹងមកដល់ចំឆ្នេរភាគអាគ្នេយ៍កោះតៃវ៉ាន់ នៅអំឡុងថ្ងៃពុធ។ មនុស្សប្រហែលជិត៧០០នាក់ ក្នុងស្រុក Hualien នឹងត្រូវជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបង្ការហានិភ័យ។ បើតាមការព្យាករ ក្រោយពេលមកដល់ ព្យុះនោះនឹងធ្វើដំណើរកាត់ឆ្នេរភាគខាងលិចកោះតៃវ៉ាន់ មុនបន្តឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។

    គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងរងការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។ កាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Danas បានបោកបក់យ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូងកោះ។ ក្នុងខែសីហានេះ តំបន់ភាគខាងត្បូងតៃវ៉ាន់ ក៏បានទទួលរងភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: