Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព

    BY Liny Chan August 12, 2025
    នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព

    (គូឡាឡាំពួ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំង​ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

    ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៉ី។ ក្នុងសន្និសីទរួមជាមួយលោក Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា សម្រាប់ជនភៀសខ្លួន ព្រមទាំងសម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយដី»

    បង់ក្លាដែសកំពុងផ្តល់ការជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង១លាននាក់។ រ៉ូហ៉ីងយ៉ាជាជនជាតិភាគតិចមូស្លីម រស់នៅជាចម្បងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន។ បើតាមអង្គការសហប្រជាជាតិ ការកើនឡើងនៃសង្រ្គាមស៉ីវិល រួមជាមួយអំពើហិង្សាកំណត់គោលដៅប្រឆាំងជនជាតិរ៉ូហ៉ីងយ៉ា បានបង្ខំឱ្យមនុស្សប្រហែល១៥០ ០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។

    គួរបញ្ជាក់ថា បើតាមលោក Anwar រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី នឹងទទួលបន្ទុកធ្វើការពាក់ព័ន្ធបេសកកម្មមីយ៉ាន់ម៉ាខាងលើ ដែលគ្រោងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ ជាមួយសមភាគីមកពីប្រទេសមួយចំនួនទៀតក្នុងតំបន់ ដូចជាឥណ្ឌូណេស៉ី និងហ្វីលីពីន។ ប្រទេសម៉ាឡេស៉ី ឆ្នាំនេះ មានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: