ក្រសួងអប់រំត្រៀមកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំ បានត្រៀមកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡង ខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នា ឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការ ប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។
ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូន សម្រាប់បេក្ខជនទាំងអស់ នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំ ក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។
បន្ថែមលើនេះ ក្រសួងក៏បានត្រៀមលក្ខណៈ ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃ នៃការប្រឡងនេះ ដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ផងដែរ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍បានល្អ លើការប្រឡងរបស់ខ្លួន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះគឺជាប់»។
សូមជម្រាបថា ដោយសារសង្គ្រាមឈ្លានពាន នៅតាមព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ។
ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅ ដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងរៀបចំដូចខាងក្រោម៖
១៖ បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡង នៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជន បានភៀសខ្លួនចេញពីខេត្ត។ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
២៖ បេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡង នៅក្នុងទីរួមខេត្តព្រះវិហារ ដដែល។
៣៖ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមណ្ឌលប្រឡង នៅក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប។ ក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការចាំបាច់។
៤៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន ២៣ (លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មាន ដែលទទួល បានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងពីរខាងលើ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួង (នាយកដ្ឋានកិច្ចការប្រឡង) នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។ ក្រសួងនឹងបោះពុម្ពសលាកបត្រឯកត្តជន របស់បេក្ខជន ដើម្បីឱ្យបេក្ខជនភៀសខ្លួន អាចមកទទួលនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
៥៖ ក្រសួងនឹងមានវិធានការគាំទ្រពិសេស សម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

ផ្ដល់សិទ្ធិដោយ៖ Fresh News
