ព័ត៌មានជាតិ August 14, 2025

តុលាការបើកការជំនុំជម្រះសំណុំរឿងអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ រឿងយកលុយ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ

Liny Chan

(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការ បានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ កាយ សុខកន និងឈ្មោះ ដួង តារា ព្រមទាំងឈ្មោះ ឡាច សំរោង (អវត្តមាន) រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទជាច្រើននាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» រឿងយកលុយ ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត លោក ដួង ដារ៉ា និងលោក ឡាច សំរោង។

ក្រោយសវនាការបានបញ្ចប់សវនាការ លោក ញឹម វិសាល ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ បានប្រកាសលើកយកសំណុំរឿងនេះ ទៅប្រកាដសាលក្រមនៅពេលក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣១៥ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ កន សុខកាយ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន៣នាក់ទៀត គឺ ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ៧១ឆ្នាំ (កំពុងឃុំខ្លួននៅ ពន្ធនាគារ), ឈ្មោះ ដួង តារា ភេទប្រុស អាយុ៥៦ឆ្នាំ និងឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំង អំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើររឿងដែលនាំឱ្យមានការ ចោទប្រកាន់នេះ គឺឈ្មោះ កន សុខកាយ បានយកប្រាក់ចំនួន ៣០០ ០០០ដុល្លារទៅឱ្យឈ្មោះ លី សាម៉េត, ឈោ្មះ ដួង តារា និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

សូមបញ្ជាក់ថា លោក កន សុខកាយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News