ក្រសួងការបរទេសកម្ពុជា ប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់អំពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង២៨ស្ថានទូតប្រចាំនៅកម្ពុជា និង១១ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ។
កិច្ចប្រជុំ បានធ្វើឡើងបន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការវិវត្តថ្មី ជាពិសេសគឺការរំលោភបំពានកាន់តែខ្លាំងឡើងពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
បន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច ភាគីកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានបំពានម្តងណាឡើយ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធា នៅតែបន្តរំលោភបំពានបន្តបន្ទាប់ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរាយបន្លាលួស និងចល័តកងទ័ពជាដើម។
ប្រឈមជាមួយនឹងស្ថានភាពនេះ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក៏បានសរសេរលិខិត២ច្បាប់ ប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខ និងប្រធានអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើងនិងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយបំផុត ដែលបង្កឡើងដោយភាគីថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

























