បេសកកម្មថ្ងៃទី២ របស់អនុព័ទ្ធយោធា ៧ប្រទេស នៅតំបន់ព្រំដែនកម្ពុជា-ថៃ ចុះសង្កេតស្ថានភាពជាក់ស្តែងនៅច្រកព្រំដែនអានសេះ និងទីតាំងលើកស្លាកការិយាល័យអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅខេត្តព្រះវិហារ
(ព្រះវិហារ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រួមមាន (ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានអញ្ជើញចុះសង្កេតការណ៍នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ ដែលយោធាថៃ បាននឹងកំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ព ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញន គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នៅច្រកព្រំដែនអានសេះ និងរូបសំណាក់លោកតាអ៊ុំ ដែលត្រូវកងទ័ពថៃ ទម្លាក់គ្រាប់បែបពីលើយន្តហោះកម្ទេចចោល លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានជម្រាបជូនប្រតិភូអនុព័ន្ធយោធាទាំង៧ប្រទេស អំពីបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា។
បន្ទាប់ពីបញ្ចប់បេសកកម្មនៅច្រកព្រំដែនអានសេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានអញ្ជើញត្រួតពិនិត្យទីតាំង និងលើកស្លាកការិយាល័យអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅខេត្តព្រះវិហារ។
គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
ភាគីកម្ពុជា គឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

































