ព័ត៌មានជាតិ August 15, 2025

រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី នឹងបញ្ជូនក្រុមការងារបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាពិនិត្យលទ្ធភាពឱកាសវិនិយោគ

Liny Chan

(ម៉ាឡេស៉ី)៖ លោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari អភិបាលរដ្ឋ (Premier) សហព័ន្ធសារ៉ាវ៉ាក់ បានបញ្ជាក់ជូនលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ថា នឹងឲ្យលោក Datuk Dr. Haji Abdul Rahman Bin Haji Junaidi, អនុរដ្ឋមន្ត្រីទីស្តីការ Premier និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា ដើម្បីរៀបចំបញ្ជូនក្រុមការងារបច្ចេកទេសមកកម្ពុជា សិក្សាពីឱកាសវិនិយោគ ក្នុងការបង្កើតម៉ាស៊ីនកិនស្រូវ ឬទិញស្រូវទៅសារ៉ាវ៉ាក់ ដែលរដ្ឋសារ៉ាវ៉ាក់នាំចូលអង្ករប្រមាណ២០ម៉ឺនតោនក្នុង១ឆ្នាំៗ ដើម្បីបំពេញតម្រូវការ។

ក្រៅពីវិស័យកសិកម្មខាងលើ ក៏នឹងសិក្សាវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ការហោះហើរត្រង់ពីសារ៉ាវ៉ាក់មកភ្នំពេញ នៅដើមឆ្នាំ២០២៦ ដែលបច្ចុប្បន្នការធ្វើដំណើរពីសារ៉ាវ៉ាក់មកភ្នំពេញ ត្រូវចំណាយពេលជិត១០ម៉ោង តែបើមានការហោះហើរត្រង់គឺត្រូវចំណាយពេលត្រឹមតែ២ម៉ោង១៥នាទីប៉ុណ្ណោះ និងឲ្យធនាគារមកពិនិត្យបើកសាខាធនាគារនៅកម្ពុជាផងដែរ ដើម្បីផ្តល់ឥណទានស្របតាមសារីអះឥស្លាម ក្នុងការគាំទ្រអភិវឌ្ឍវិស័យឧស្សាហកម្មហាឡាល និងពិនិត្យការផ្គត់ផ្គង់ប្រេង និងឧស្ម័ន នាពេលខាងមុខ។

លោកអភិបាលរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយមានការស្នើសុំពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអភិបាលរដ្ឋ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuching ប្រទេសម៉ាឡេស៊ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News