ព័ត៌មានជាតិ August 16, 2025

រថភ្លើងដឹកប្រេងតេលា ធ្លាក់ចេញពីផ្លូវដែកចំនួន ៤ទូ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយសារកត្តាផ្លូវស្រុត

Liny Chan

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ មានករណីរថភ្លើងខ្សែប្រេងតេលា បានធ្លាក់ចេញពីខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន ៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន ៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។ នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។

លោក ផន រឹម បានបន្ថែមថា ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន ២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿង ដើម្បីបូមប្រេងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។ សមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែកនោះឡើយ។

លោក ផន រឹម បានបន្ថែមថា ការលើកដាក់ទូឡើងវិញរំពឹងថានឹងរួចរាល់ល្ងាចនេះ ហើយចំពោះការស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News