ព័ត៌មានជាតិ August 18, 2025

មនុស្ស ២៩នាក់រងរបួស បន្ទាប់ពីការរញ្ជួយដី ៦រ៉ិចទ័រវាយប្រហារខេត្ត Sulawesi របស់ឥណ្ឌូណេស៉ី

Liny Chan

(ហ្សាការតា)៖ ទីភ្នាក់ងារគ្រោះមហន្តរាយ (BNPB) បានឱ្យដឹងថា មនុស្សចំនួន ២៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារភាគកណ្តាលនៃខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់ BNPB បញ្ជាក់ថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ បានអង្រួនទីក្រុង Poso Regency នៃខេត្ត Sulawesi ហើយក៏មានអារម្មណ៍រំញ័រដល់តំបន់ក្បែរនោះ។ ក្នុងចំណោមអ្នករបួស ២៩នាក់ មានពីរនាក់ត្រូវរបួសធ្ងន់។ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើចំណុចដែលគេហៅ «Pacific Ring of Fire» ដែលងាយនឹងកើតមានការរញ្ជួយដី។ កាលពីឆ្នាំ ២០២២ មនុស្សជាង ៦០០នាក់បានស្លាប់ក្នុងការរញ្ជួយដីមួយកម្រិត ៥.៦រ៉ិចទ័រ ដែលវាយប្រហារភាគខាងលិចកោះជ្វា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News