ប្រមុខការទូតកម្ពុជា ប្រជុំជាមួយតំណាង៤២ស្ថានទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២០ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសកម្ពុជា ដោយមានការចូលរួមពីតំណាង ៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ។
កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
បន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច ភាគីកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានបំពានម្តងណាឡើយ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធា នៅតែបន្តរំលោភបំពានបន្តបន្ទាប់ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរាយបន្លាលួស និងចល័តកងទ័ពជាដើម។
ប្រឈមជាមួយនឹងស្ថានភាពនេះ ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក៏បានសរសេរលិខិត២ច្បាប់ ប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខ និងប្រធានអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើងនិងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយបំផុត ដែលបង្កឡើងដោយភាគីថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






















