រដ្ឋមន្ត្រីអប់រំ៖ ក្រសួងនឹងដាក់ចេញនូវវិធានការពិសេស ជួយបេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលមានជិត ៤ពាន់់នាក់ ហើយសង្ឃឹមបេក្ខជននឹងពេញចិត្ត
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ នឹងដាក់ចេញនូវវិធានការពិសេស ជួយដល់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានជិត ៤ពាន់នាក់ ដែលជាការអនុគ្រោះដល់ពួកគេដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

លោកបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការពិសេសនេះ ដោយសង្កេតឃើញថា សិស្សដែលរស់នៅខេត្តទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានចូលឈ្លាន ដោយពួកគេមិនបានរៀនដិតដល់ ខណៈសាលារៀនមួយចំនួនត្រូវបានផ្អាក ហើយត្រូវជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព ដែលធ្វើឱ្យការហូបចុកមិនបានគ្រប់គ្រាន់ ហើយត្រូវភ័យខ្លាចដោយសារតែសង្រ្គាម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា បើទោះបីពួកគេជួបស្ថានភាពលំបាកបែបនេះក៏ដោយ ប៉ុន្តែក្រសួងនឹងមិនជ្រើសរើសយកជម្រើសឱ្យជាប់ស្វ័យប្រវត្តិនោះទេ ពោលគឺនៅតែបន្តរៀបចំការប្រឡងដដែល ដូច្នេះហើយលោកលើកទឹកចិត្តដល់សិស្សានុសិស្សខេត្តទាំងពីរនេះ ខិតខំរៀនសូត្រ ដើម្បីចូលរួមប្រលងដូចសិស្សនៅខេត្តដទៃទៀត។
លោកបានលើកឡើងបន្ថែមថា «អ៊ីចឹងខេត្តទាំងពីរនេះ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលសរុបទៅមានបេក្ខជនជិត ៤ពាន់នាក់ យើងមានជម្រើសច្រើន ប៉ុន្តែយើងនៅតែចង់ឱ្យគាត់រៀន ទី២.ខំរៀន ដើម្បីចាប់យកចំណេះដឹងបន្តទៀត។ សង្រ្គាមជាការពិតហើយ ប៉ុន្តែការចាំបាច់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគឺសំខាន់ ចឹងក៏មានមតិលើកឡើងផ្សេងៗ ហើយក៏យើងធ្លាប់ដែរ ពេលវិបត្តិកូវីដយើងឱ្យគាត់ជាប់ស្វ័យប្រវត្តិ ប៉ុន្តែជាប់ស្វ័យប្រវត្តិទាំងអស់ អត់មាននិទ្ទេសចឹងធ្វើឱ្យសិស្សដែលគាត់រៀនពូកែ គាត់បាក់ទឹកចិត្ត។ អ៊ីចឹងនេះគឺជាជម្រើសមួយដែលយើងមិនប្រើទេ ហើយទី២ទៀត នៅខេត្តផ្សេងទៀតក៏អាចមានការប៉ះពាល់អារម្មណ៍ដែរ ប៉ុន្តែមិនខ្លាំងទេ ចឹងយើងនៅរក្សាការប្រឡងដដែល»។
យ៉ាងនេះក្តី លោកមិនបានបញ្ជាក់ពីវិធានការដែលក្រសួងនឹងជួយដល់សិស្សដែលរស់នៅក្នុងខេត្តទាំងពីរនោះទេ ប៉ុន្តែលោកជឿជាក់ថា បេក្ខជននឹងពេញចិត្តចំពោះវិធានការនេះ ហើយវិធានការនឹងឃើញនៅពេលប្រកាសលទ្ធផល។
លោកបានអះអាងថា នៅពេលប្រកាសលទ្ធផល យ៉ាងហោចបេក្ខជនប្រឡេងក្នុងខេត្តទាំង២ នឹងមានអត្រាជាប់រហូត៨០% មាននិទ្ទេសដូចគេ ដែលពួកគេអាចបន្តសិក្សាថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានាបាន។ លើសពីនេះទៅទៀត ក្រសួងនឹងផ្តល់អាហារូបករណ៍បន្ថែមទៀតផងដែរ។
បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី សម្រាប់បេក្ខជននៅខេត្តព្រះវិហារ ការប្រឡងនឹងធ្វើឡើងនៅទីរួមខេត្តព្រះវិហារ ដែលបេក្ខជនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល និងមី។ ចំណែកបេក្ខជនខេត្តឧត្តរមានជ័យ នឹងត្រូវរៀបចំឱ្យប្រប្រឡងនៅក្នុង ស្រុកពួក ខេត្តសៀមរាប ដោយទទួលបានថវិកាឧបត្ថម្ភចំនួន ១០ម៉ឺនរៀល និងមីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

