ព័ត៌មានជាតិ August 22, 2025

រដ្ឋមន្ត្រីអប់រំ៖ ឆ្នាំនេះសិស្សនិទ្ទេស A ពិន្ទុខ្ពស់ជាងគេនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង, ក្រសួងសង្ឃឹមថា សិស្សនិទ្ទេស A នឹងមានច្រើនជាង២,២០០នាក់

Liny Chan

(ភ្នំពេញ)៖ សិស្សនិទ្ទេស A ដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ នឹងក្លាយជាម្ចាស់រថយន្ដអគ្គិសនីមួយគ្រឿង ដែលមានតម្លៃប្រហែល១ម៉ឺន ទៅ២ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនបន្ដបន្ទាប់ គួបផ្សំជាមួយការផ្ដល់កិត្តិយស ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតនោះ គឺជាកត្តាជំរុញទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប កាន់តែមានទឹកចិត្តមុះមុតបន្ថែមទៀត ក្នុងការខិតខំប្រឹងប្រែងប្រឡងដើម្បីបាននិទ្ទេស A។

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអ្នកដឹកនាំកម្មវិធីកំណែទម្រង់ក្រោមទិសស្លោក «អ្នកចេះ គឺជាប់» បានបោះនូវក្ដីសង្ឃឹមថា បេក្ខជនប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៥នេះ នឹងមានចំនួនច្រើនជាង ២,២០០នាក់ ពោលដែលជាចំនួនមួយច្រើនជាងឆ្នាំ២០២៤កន្លងទៅ។ ខណៈក្រសួងនៅរក្សាគោលការណ៍ប្រឡងដដែល ដើម្បីធានាថា អ្ន្នកទទួលបាននិទ្ទេស A នៅតែជាអ្នករៀនពូកែ។

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ក្រុមហ៊ុនមួយគាត់ជួយឡានអគ្គិសនី សិស្សដែលមានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានរថយន្ដអគ្គិសនីមួយ តម្លៃ១ម៉ឺន ទៅ២ម៉ឺនដុល្លារ ដែលនឹងជួយលើកទឹកចិត្តដល់សិស្ស […] ខ្ញុំសង្ឃឹមថា នឹងមាននិទ្ទេស A ប្រហែលជាច្រើនជាង២,២០០នាក់»

បើតាមលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រីក្រសួងអប់រំ, ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នៅរក្សាការផ្ដល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ដូចបណ្ដាឆ្នាំកន្លងទៅដែរ ពោលគឺតាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿង និងថេបប្លែតម្នាក់មួយគ្រឿង ព្រមទាំងបន្ដមានឱកាស ដើម្បីជួបសំណេះសំណាលជាមួយសម្ដេចនាយករដ្ឋមន្ដ្រីផងដែរ។

សូមរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០២៥ នេះមានបេក្ខជនសរុប ១៤៦,៧២០នាក់ ក្នុងនោះស្រី ៨១,៤៤២នាក់ ថ្នាក់វិទ្យាសាស្ត្រជាង ៤ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមជាង១០ម៉ឺននាក់។ ប្រឡងបាក់ឌុបឆ្នាំនេះ មណ្ឌលសំណេរ មានចំនួនសរុប២៤១មណ្ឌល ត្រូវជា៥,៩២៤បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៧២មណ្ឌល ត្រូវជា១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន១៦៩មណ្ឌល ត្រូវជា៤,២៦៩បន្ទប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh New